នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល៖ ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺសំឡេងឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង។ ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។ «ឱប្រជារាស្ត្ររបស់យើងអើយ តើយើងបានធ្វើអ្វីដល់ឯង? តើយើងបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី? ចូរឆ្លើយនឹងយើង! ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។ តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
អាន មីកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 6:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ