ម៉ាថាយ 9
9
1បន្ទាប់មក ព្រះយេស៊ូវយាងចុះទូក ឆ្លងទៅក្រុង របស់ព្រះអង្គវិញ។
ព្រះយេស៊ូវប្រោសមនុស្សខ្វិនម្នាក់ឲ្យដើររួច
(ម៉ាកុស ២.១-១២ លូកា ៥.១៧-២៦)
2ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។ 3ពេលនោះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះទេតើ!»។ 4ប៉ុន្តែ ព្រះយេស៊ូវស្គាល់គំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ? 5ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង? 6ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!» 7អ្នកនោះក៏ក្រោកឡើង ហើយដើរទៅផ្ទះ។ 8កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។
ព្រះយេស៊ូវត្រាស់ហៅលោកម៉ាថាយ
(ម៉ាកុស ២.១៣-១៧ លូកា ៥.២៧-៣២)
9ពេលព្រះយេស៊ូវយាងផុតពីទីនោះ ទ្រង់ទតឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងទារពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
10ពេលព្រះអង្គសោយអាហារនៅក្នុងផ្ទះ មានពួកអ្នកទារពន្ធ និងមនុស្សបាបជាច្រើន បានមកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្សរបស់ព្រះអង្គ។ 11ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» 12ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។ 13ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
សំណួរអំពីការតមអាហារ
(ម៉ាកុស ២.១៨-២២ លូកា ៥.៣៣-៣៨)
14ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ តែពួកសិស្សរបស់ព្រះអង្គមិនតមដូច្នេះ?» 15ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។ 16គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។ 17ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកនឹងធ្លុះ ហើយស្រាក៏ធ្លាយ ថង់ក៏ខូច។ ប៉ុន្តែ គេតែងដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកថ្មីវិញ ធ្វើដូច្នេះទើបទាំងពីរនៅគង់បាន»។
ព្រះយេស៊ូវប្រោសស្ដ្រីម្នាក់ឲ្យជា និងប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ
(ម៉ាកុស ៥.២១-៤៣ លូកា ៨.៤០-៥៦)
18កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។ 19ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមគាត់ ហើយពួកសិស្សក៏ទៅជាមួយដែរ។ 20រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ 21ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។ 22ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។ 23ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់ 24ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។ 25កាលបណ្តេញមនុស្សទាំងនោះឲ្យចេញក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ 26ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។
ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ពីរនាក់ឲ្យភ្លឺ
27ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ 28ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ក៏ចូលមកជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?» គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ 29ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ 30ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។ 31ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។
ព្រះយេស៊ូវប្រោសមនុស្សគម្នាក់ឲ្យនិយាយបាន
32ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។ 33ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។ 34ប៉ុន្តែ ពួកផារិស៊ីនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារមេអារក្សទេ»។
ចម្រូតធំ តែមានអ្នកច្រូតតិច
(ម៉ាកុស ៦.៣៤ លូកា ១០.២)
35បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។ 36កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។ 37ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ 38ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies