ម៉ាថាយ 8

8
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ១.៤០-៤៥ លូកា ៥.១២-១៤)
1កាល​ព្រះ‌យេស៊ូវ​យាង​ចុះ​ពី​ភ្នំ​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ។ 2ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។ 3ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។ 4ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​បម្រើ​របស់​មេ​ទ័ព​រ៉ូម​ឲ្យ​ជា
(លូកា ៧.១-១០)
5ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​កាពើណិម មាន​មេ​ទ័ព​រ៉ូម​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​ទូល​អង្វរ​ថា៖ 6«ព្រះ‌អម្ចាស់​អើយ! អ្នក​បម្រើ​របស់​ទូល‌បង្គំ ដេក​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​ឯ​ផ្ទះ វេទនា​ខ្លាំង​ណាស់»។ 7ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។ 8មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។ 9ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូល‌បង្គំ បើ​ទូល‌បង្គំ​បញ្ជា​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ហើយ​បញ្ជា​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក។ ពេល​ទូល‌បង្គំ​បញ្ជា​ទៅ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​ថា "ធ្វើ​ការ​នេះ" នោះ​គេ​ក៏​ធ្វើ​តាម»។ 10កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ 11ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ 12ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។ 13បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា៖ «ទៅ​ចុះ ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ អ្នក​បម្រើ​នោះ​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាកុស ១.២៩-៣៤ លូកា ៤.៣៨-៤១)
14ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស ព្រះ‌អង្គ​ទត​ឃើញ​ម្តាយ​ក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន​នៅ​លើ​គ្រែ។ 15ព្រះ‌អង្គ​ពាល់​ដៃ​របស់​គាត់ នោះ​គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។ 16នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។ 17ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖
«ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង
ហើយ​ក៏​ផ្ទុក​ជំងឺ​របស់​យើង​ដែរ» ។
លក្ខណៈ​សម្បត្ដិ​របស់​អ្នក​ដែល​ចង់​ដើរ​តាម​ព្រះ‌យេស៊ូវ
(លូកា ៩.៥៧-៦២)
18កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។ 19ពេល​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក​ដែរ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។ 20ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ 21មាន​សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​របស់​ទូល‌បង្គំ​សិន»។ 22ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​គ្នា​គេ​ចុះ»។
ព្រះ‌យេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាកុស ៤.៣៥-៤១ លូកា ៨.២២-២៥)
23កាល​ព្រះ‌អង្គ​យាង​ចុះ​ទូក ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ 24ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។ 25ពេល​នោះ ពួក​សិស្ស​ចូល​ទៅ​ដាស់​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ពួក​យើង​ផង! យើង​វិនាស​ឥឡូវ​ហើយ!» 26ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។ 27អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​អារក្ស​ចូល​នៅ​គេរ៉ាស៊ីន
(ម៉ាកុស ៥.១-២០ លូកា ៨.២៦-៣៩)
28ពេល​ព្រះ‌អង្គ​បាន​មក​ដល់​ត្រើយ​ម្ខាង នៅ​ស្រុក​គេរ៉ាស៊ីន មាន​បុរស​ពីរ​នាក់​ដែល​អារក្ស​ចូល ចេញ​ពី​ផ្នូរ​ខ្មោច​មក​រក​ព្រះ‌អង្គ។ អ្នក​ទាំង​ពីរ​នោះ​សាហាវ​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​កាត់​តាម​ផ្លូវ​នោះ​ទេ។ 29រំពេច​នោះ បុរស​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​យើង​មុន​ពេល​កំណត់​ឬ?» 30ពេល​នោះ នៅ​ឆ្ងាយ​ពី​ពួក​គេ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ 31ពួក​អារក្ស​បាន​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​បណ្តេញ​យើង សូម​បញ្ជូន​យើង​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ទៅ»។ 32ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «ទៅ​ចុះ!» អារក្ស​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក។ រំពេច​នោះ ស្រាប់​តែ​ហ្វូង​ជ្រូក​ទាំង​ហ្វូង​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់​ទៅ។ 33ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រៀប​រាប់​ប្រាប់​ពី​ការ​ទាំង​ប៉ុន្មាន រួម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​បុរស​អារក្ស​ចូល​នោះ​ដែរ។ 34ពេល​នោះ អ្នក​ក្រុង​ទាំង​អស់ នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូវ ហើយ​ពេល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ភូមិ​ស្រុក​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល