ម៉ាថាយ 27

27
គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់
(ម៉ាកុស ១៥.១ លូកា ២៣.១-២ យ៉ូហាន ១៨.២៨-៣២)
1លុះ​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ទាំង​អស់ ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ 2គេ​ចង​ព្រះ‌អង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់ ជា​ទេសា‌ភិបាល។
យូដាស​សម្លាប់​ខ្លួន
(កិច្ច‌ការ ១.១៨-១៩)
3កាល​យូដាស ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ឃើញ​ថា​ព្រះ‌អង្គ​ជាប់​ទោស គាត់​សោក​ស្តាយ​ជា​ខ្លាំង ហើយ​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ទៅ​ប្រគល់​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ 4ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស»។ គេ​ឆ្លើយ​ថា៖ «តើ​រឿង​នេះ​ទាក់​ទង​អ្វី​ដល់​យើង? នេះ​ជា​រឿង​របស់​អ្នក​ឯង​ទេ​តើ!»។ 5គាត់​ក៏​បោះ​ប្រាក់​កាក់​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន។ 6ពួក​សង្គ្រាជ​រើស​ប្រាក់​កាក់​នោះ ហើយ​ពោល​ថា៖ «ប្រាក់​កាក់​នេះ​គ្មាន​ច្បាប់​នឹង​ទុក​ក្នុង​ហិប​តង្វាយ​ទេ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម ។» 7ក្រោយ​ពី​បាន​ពិគ្រោះ​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ពួក​សាសន៍​ដទៃ។ 8ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​ដល់​សព្វ​ថ្ងៃ។ 9ហេតុ‌ការណ៍​នេះ​ក៏​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ជា​តម្លៃ​ព្រះ‌អង្គ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ 10ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​ខ្ញុំ» ។
លោក​ពីឡាត់​សួរ​ព្រះ‌យេស៊ូវ
(ម៉ាកុស ១៥.២-១៥ លូកា ២៣.៣-៥, ១៣-២៥ យ៉ូហាន ១៨.៣៣-១៩.១៦)
11នៅ​វេលា​នេះ ព្រះ‌យេស៊ូវ​ឈរ​នៅ​មុខ​លោក​ទេសា‌ភិបាល ហើយ​លោក​ទេសា‌ភិបាល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ 12ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​ចោទ​ប្រកាន់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​អ្វី​សោះ។ 13ពេល​នោះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?» 14ព្រះ‌យេស៊ូវ​ពុំ​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ទេសា‌ភិបាល​ឆ្ងល់​ជា​ខ្លាំង។
បារ៉ាបាស ឬ​យេស៊ូវ?
15នៅ​ឱកាស​បុណ្យ​នោះ លោក​ទេសា‌ភិបាល​តែង​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម‌ពរ​របស់​បណ្ដា‌ជន។ 16នៅ​ពេល​នោះ គេ​មាន​អ្នក​ទោស​ល្បី​ម្នាក់ ឈ្មោះ​បារ៉ាបាស។ 17ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?» 18ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ 19កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។ 20តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​មហា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស ហើយ​សម្លាប់​ព្រះ‌យេស៊ូវ។ 21លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។ 22លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!» 23លោក​ពីឡាត់​សួរ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»។
លោក​ពី​ឡាត់​ប្រគល់​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​ឆ្កាង
24កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។ 25បណ្តា‌ជន​ទាំង​អស់​គ្នា​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​វា​ធ្លាក់​មក​លើ​យើង និង​កូន​ចៅ​របស់​យើង​ចុះ»។ 26ពេល​នោះ លោក​ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ហើយ​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូវ​នឹង​រំពាត់ រួច​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។
ពួក​ទាហាន​ចំអក​មើល​ងាយ​ព្រះ‌យេស៊ូវ
(ម៉ាកុស ១៥.១៦-២០ យ៉ូហាន ១៩.២-៣)
27ពេល​នោះ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​ទ័ព​ទាំង​អស់​មក​ចោម​រោម​ព្រះ‌អង្គ។ 28គេ​ដោះ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​វែង​ពណ៌​ក្រហម​មក​បំពាក់​លើ​ព្រះ‌អង្គ 29គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!» 30គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។ 31ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។
គេ​ឆ្កាង​ព្រះ‌យេស៊ូវ
(ម៉ាកុស ១៥.២១-៣២ លូកា ២៣.២៦-៤៣ យ៉ូហាន ១៩.១៧-២៧)
32ពេល​ចេញ​ទៅ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​អ្នក​ស្រុក​គីរេន ឈ្មោះ​ស៊ីម៉ូន គេ​ក៏​បង្ខំ​បុរស​នេះ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ‌អង្គ។ 33លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» 34គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។ 35ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»] 36រួច​គេ​អង្គុយ​ចាំ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ 37គេ​បិទ​ប្រកាស​ពី​ទោស​ចោទ​ប្រកាន់​ព្រះ‌អង្គ​ដាក់​ពី​លើ​ព្រះ‌សិរ​ព្រះ‌អង្គ​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»។
38ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។ 39អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា៖ 40«អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។ 41ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖ 42«វា​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ បើ​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក ដើម្បី​ឲ្យ​យើង​ជឿ​ដល់​វា​ផង! 43វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។ 44ចោរ​ពីរ​នាក់​ដែល​គេ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។
ព្រះ‌យេស៊ូវ​ចូល​ទិវង្គត
(ម៉ាកុស ១៥.៣៣-៤១ លូកា ២៣.៤៤-៤៩ យ៉ូហាន ១៩.២៨-៣០)
45តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល 46ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?» 47ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ដូច្នោះ ក៏​ពោល​ថា៖ «វា​ស្រែក​រក​លោក​អេលីយ៉ា​ហើយ!» 48រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។ 49ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។ 50ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។ 51នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា 52ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ 53ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។ 54ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!» 55នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​ឈរ​មើល​ពី​ចម្ងាយ ស្ត្រី​ទាំង​នោះ​តាម​បម្រើ​ព្រះ‌យេស៊ូវ​តាំង​ពី​ស្រុក​កាលីឡេ​មក។ 56ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូវ
(ម៉ាកុស ១៥.៤២-៤៧ លូកា ២៣.៥០-៥៦ យ៉ូហាន ១៩.៣៨-៤២)
57លុះ​ដល់​ល្ងាច មាន​បុរស​អ្នក​មាន​ម្នាក់​មក​ពី​ភូមិ​អើរីម៉ាថេ ឈ្មោះ​យ៉ូសែប បាន​មក​ដល់។ គាត់​ក៏​ជា​សិស្ស​ម្នាក់​របស់​ព្រះ‌យេស៊ូវ​ដែរ។ 58គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់ ហើយ​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ដល់​គាត់។ 59យ៉ូសែប​បាន​យក​ព្រះ‌សព​មក ហើយ​រុំ​នឹង​ក្រណាត់​ទេស‌ឯក​យ៉ាង​ស្អាត 60រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។ 61នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ អង្គុយ​ទល់​មុខ​ផ្នូរ។
ពួក​ទាហាន​យាម​ការ​ពារ​ផ្នូរ
62នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់ 63ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។ 64ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ 65លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ក្រុម​ទាហាន​ការពារ​ស្រាប់​ហើយ សូម​ទៅ​ការពារ​ឲ្យ​មាន​សុវត្ថិ‌ភាព តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។ 66ដូច្នេះ គេ​ក៏​ទៅ ហើយ​បិទ​ផ្នូរ​ចំណាំ រួច​ដាក់​ទាហាន​ឲ្យ​យាម​ការពារ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល