ម៉ាថាយ 25:1-15

ម៉ាថាយ 25:1-15 គកស១៦

«ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្រី្ត​ព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន ចេញ​ទៅ​ទទួល​កូន​កំលោះ។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត ដ្បិត​ពេល​ស្ត្រី​ល្ងង់​យក​ចង្កៀង​ទៅ ពួក​នាង​មិន​បាន​យក​ប្រេង​ទៅ​ជាប់​ជា​មួយ​ទេ តែ​ស្ត្រី​មាន​គំនិត​វិញ ពួក​នាង​បាន​យក​ចង្កៀង មាន​ទាំង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ។ ពេល​កូន​កំលោះ​ក្រ​មក​ដល់ ពួក​នាង​ទាំង​នោះ​ក៏​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ។ លុះ​ដល់​កណ្តាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា "មើល៍ កូន​កំលោះ​មក​ហើយ! ចូរ​ចេញ​ទៅ​ទទួល​លោក!" ស្រី្ត​ព្រហ្មចារី​ទាំង​នោះ​ក៏​ភ្ញាក់​ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន។ ស្ត្រី​ល្ងង់​និយាយ​ទៅ​ស្ត្រី​មាន​គំនិត​ថា "សូម​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ" តែ​ស្ត្រី​មាន​គំនិត​ឆ្លើយ​ថា "ទេ ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​យើង និង​សម្រាប់​ពួក​នាង​ទេ ចូរ​ពួក​នាង​ទៅ​រក​ផ្ទះ​លក់​ប្រេង ហើយ​ទិញ​សម្រាប់​ខ្លួន​ឯង​វិញ​ទៅ"។ កាល​ពួក​នាង​ទាំង​នោះ​កំពុង​ទៅ​ទិញ​ប្រេង កូន​កំលោះ​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជា​មួយ​កូន​កំលោះ រួច​គេ​បិទ​ទ្វារ​ជិត។ ក្រោយ​មក នាង​ព្រហ្មចារី​ឯ​ទៀត​ក៏​មក​ដល់​ដែរ ហើយ​ស្រែក​ថា "លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!" តែ​លោក​ឆ្លើយ​ថា "ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ"។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ណា ឬ​ពេល​ណា [ដែល​កូន​មនុស្ស​មក​ដល់] ឡើយ»។ «ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។ គាត់​ឲ្យ​ទៅ​ម្នាក់​ប្រាំ​ពាន់ ម្នាក់​ទៀត​ពីរ​ពាន់ ហើយ​ម្នាក់​ទៀត​មួយ​ពាន់ គឺ​ឲ្យ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​របស់​គេ​រៀងៗ​ខ្លួន រួច​គាត់​ក៏​ចេញ​ទៅ។

អាន ម៉ាថាយ 25