ម៉ាថាយ 20:1-34

ម៉ាថាយ 20:1-34 គកស១៦

«ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ពី​ព្រលឹម ទៅ​រក​ជួល​កម្មករ​មក​ធ្វើ​ការ ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន។ កាល​បាន​ព្រម​ព្រៀង​ជា​មួយ​កម្មករ ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​មួយ​ដេណារី ក្នុង​មួយ​ថ្ងៃ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​លោក។ លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​បួន​ព្រឹក លោក​ក៏​ចេញ​ទៅ ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ លោក​ក៏​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ ខ្ញុំ​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​តាម​ត្រឹម‌ត្រូវ" គេ​ក៏​ទៅ។ លោក​ក៏​ចេញ​ម្តង​ទៀត​នៅ​ថ្ងៃ​ត្រង់ និង​នៅ​ម៉ោង​ប្រហែល​បី​រ​សៀល ហើយ​ធ្វើ​ដដែល​ដូច​មុន។ លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច លោក​ចេញ​ទៅ​ឃើញ​នៅ​មាន​មនុស្ស​ខ្លះ​ទៀត​កំពុង​ឈរ ហើយ​លោក​ក៏​សួរ​គេ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច​ដូច្នេះ?" គេ​ឆ្លើយ​តប​ថា "ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ"។ លោក​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ [អ្នក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ត្រឹម‌ត្រូវ]" លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​នោះ​ប្រាប់​មេការ​របស់​លោក​ថា "ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ចាប់​ផ្ដើម​ពី​អ្នក​ក្រោយ​បង្អស់ រហូត​ដល់​អ្នក​មុន​បង្អស់"។ ពេល​ពួក​អ្នក​ដែល​បាន​ស៊ី​ឈ្នួល​ពី​ម៉ោង​ប្រាំ​មក​ដល់ គេ​ម្នាក់ៗ​ទទួល​បាន​មួយ​ដេណារី។ លុះ​ពេល​ពួក​អ្នក​មុន​បង្អស់​មក​ដល់ គេ​គិត​ថា គេ​នឹង​ទទួល​បាន​ច្រើន​ជាង តែ​គេ​ម្នាក់ៗ​ក៏​បាន​ទទួល​មួយ​ដេណារី​ដូចៗ​គ្នា។ ពេល​គេ​បាន​ទទួល​ប្រាក់ គេ​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា "ពួក​អ្នក​មក​ក្រោយ​ទាំង​នេះ ធ្វើ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​លោក​បាន​បើក​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់ ទាំង​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ"។ ប៉ុន្តែ លោក​ឆ្លើយ​ទៅ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ថា "សម្លាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ តើ​អ្នក​មិន​យល់​ព្រម​ជា​មួយ​ប្រាក់​ពីរ​កាក់​នេះ​ឬ? ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ទៅ​ចុះ ខ្ញុំ​សម្រេច​ឲ្យ​អ្នក​ដែល​មក​ក្រោយ​នេះ ស្មើ​នឹង​អ្នក​ដែរ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?" ដូច្នេះ អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន ហើយ​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ [ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ]»។ កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​យក​សិស្ស​ទាំង​ដប់​ពីរ​រូប​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មើល៍ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​គេ​នឹង​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ​ចំអក​មើល​ងាយ វាយ​នឹង​រំពាត់ ហើយ​ឆ្កាង តែ​នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក ប្រពន្ធ​របស់​លោក​សេបេដេ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ ចូល​មក​ជួប​ព្រះ‌អង្គ ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ទូល​សូម​ការ​មួយ​ពី​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​ឮ​ដូច្នោះ គេ​ខឹង​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​គ្រប់​គ្រង​សាសន៍​ដទៃ តែង​ជិះ‌ជាន់​លើ​ប្រជា‌រាស្ត្រ​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​ប្រជា‌រាស្រ្ត​របស់​ខ្លួន​ដែរ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ឡើយ។ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ដែល​ចង់​បាន​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា។ កូន​មនុស្ស​ក៏​ដូច្នោះ​ដែរ លោក​បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​ប្រគល់​ជីវិត​លោក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។ កាល​គេ​កំពុង​ចាក​ចេញ​ពី​ក្រុង​យេរីខូរ មាន​បណ្ដា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ហើយ​ពេល​គេ​ឮ​ថា ព្រះ‌យេស៊ូវ​យាង​កាត់​ទី​នោះ ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ បណ្តា‌ជន​ហាម​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

អាន ម៉ាថាយ 20