ម៉ាថាយ 20:1-34
ម៉ាថាយ 20:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?” ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ”។ លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។ ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬទេ! ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ!។ ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស*ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ* គេនឹងកាត់ទោសប្រហារជីវិតលោក។ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានសម្រេចឲ្យប៉ុណ្ណោះ»។ កាលសិស្ស*ដប់រូបទៀតឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។ ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។ បុត្រមនុស្សមកក្នុងពិភពលោកនេះមិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។ កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្តែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឲ្យភ្នែកយើងខ្ញុំភ្លឺផង»។ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ម៉ាថាយ 20:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញពីព្រលឹម ទៅរកជួលកម្មករមកធ្វើការ ក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ កាលបានព្រមព្រៀងជាមួយកម្មករ ថានឹងបើកប្រាក់ឈ្នួលឲ្យមួយដេណារី ក្នុងមួយថ្ងៃ លោកក៏ចាត់គេឲ្យទៅធ្វើការក្នុងចម្ការទំពាំងបាយជូររបស់លោក។ លុះប្រហែលជាម៉ោងប្រាំបួនព្រឹក លោកក៏ចេញទៅ ឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ លោកក៏និយាយទៅគេថា "ចូរអ្នករាល់គ្នាទៅធ្វើចម្ការដែរទៅ ខ្ញុំនឹងបើកប្រាក់ឈ្នួលឲ្យតាមត្រឹមត្រូវ" គេក៏ទៅ។ លោកក៏ចេញម្តងទៀតនៅថ្ងៃត្រង់ និងនៅម៉ោងប្រហែលបីរសៀល ហើយធ្វើដដែលដូចមុន។ លុះប្រហែលជាម៉ោងប្រាំល្ងាច លោកចេញទៅឃើញនៅមានមនុស្សខ្លះទៀតកំពុងឈរ ហើយលោកក៏សួរគេថា "ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ មួយថ្ងៃវាល់ល្ងាចដូច្នេះ?" គេឆ្លើយតបថា "ព្រោះគ្មានអ្នកណាជួលយើងខ្ញុំ"។ លោកនិយាយទៅគេថា "ចូរអ្នករាល់គ្នាទៅធ្វើចម្ការដែរទៅ [អ្នកនឹងទទួលបានប្រាក់ឈ្នួលតាមត្រឹមត្រូវ]" លុះដល់ល្ងាច ម្ចាស់ចម្ការនោះប្រាប់មេការរបស់លោកថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យគេ ចាប់ផ្ដើមពីអ្នកក្រោយបង្អស់ រហូតដល់អ្នកមុនបង្អស់"។ ពេលពួកអ្នកដែលបានស៊ីឈ្នួលពីម៉ោងប្រាំមកដល់ គេម្នាក់ៗទទួលបានមួយដេណារី។ លុះពេលពួកអ្នកមុនបង្អស់មកដល់ គេគិតថា គេនឹងទទួលបានច្រើនជាង តែគេម្នាក់ៗក៏បានទទួលមួយដេណារីដូចៗគ្នា។ ពេលគេបានទទួលប្រាក់ គេរអ៊ូរទាំដាក់ម្ចាស់ចម្ការថា "ពួកអ្នកមកក្រោយទាំងនេះ ធ្វើការបានតែមួយម៉ោងប៉ុណ្ណោះ ហើយលោកបានបើកឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ ទាំងហាលក្ដៅពេញមួយថ្ងៃ"។ ប៉ុន្តែ លោកឆ្លើយទៅម្នាក់ក្នុងចំណោមពួកគេថា "សម្លាញ់អើយ ខ្ញុំមិនធ្វើខុសចំពោះអ្នកទេ តើអ្នកមិនយល់ព្រមជាមួយប្រាក់ពីរកាក់នេះឬ? ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយទៅចុះ ខ្ញុំសម្រេចឲ្យអ្នកដែលមកក្រោយនេះ ស្មើនឹងអ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងអ្វីដែលជារបស់ខ្ញុំ តាមបំណងចិត្តរបស់ខ្ញុំទេឬ? ឬមួយអ្នកច្រណែនព្រោះតែខ្ញុំមានចិត្តសប្បុរស?" ដូច្នេះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយ [ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ]»។ កាលព្រះយេស៊ូវកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គយកសិស្សទាំងដប់ពីររូបទៅដាច់ដោយឡែកពីគេ ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឲ្យពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក រួចគេនឹងបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃចំអកមើលងាយ វាយនឹងរំពាត់ ហើយឆ្កាង តែនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។ បន្ទាប់មក ប្រពន្ធរបស់លោកសេបេដេបាននាំកូនប្រុសទាំងពីរ ចូលមកជួបព្រះអង្គ ក្រាបនៅចំពោះព្រះអង្គ ហើយទូលសូមការមួយពីព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ពេលព្រះអង្គគ្រងរាជ្យ សូមប្រោសប្រទានឲ្យកូនខ្ញុំម្ចាស់ទាំងពីរនេះ បានអង្គុយក្បែរព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ។ តើអ្នកអាចនឹងផឹកពីពែង ដែលខ្ញុំបម្រុងនឹងផឹក [ហើយទទួលការជ្រមុជដែលខ្ញុំត្រូវទទួល]បានឬ?» គេទូលឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកអាចនឹងផឹកពីពែងខ្ញុំ [ហើយទទួលការជ្រមុជដែលខ្ញុំត្រូវទទួល]បានមែន តែដែលអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតាខ្ញុំបានរៀបចំឲ្យប៉ុណ្ណោះ»។ កាលសិស្សដប់នាក់ទៀតឮដូច្នោះ គេខឹងនឹងបងប្អូនទាំងពីរនាក់នេះ ប៉ុន្តែ ព្រះយេស៊ូវហៅអ្នកទាំងនោះមក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងសាសន៍ដទៃ តែងជិះជាន់លើប្រជារាស្ត្ររបស់ខ្លួន ហើយពួកអ្នកធំរបស់គេ ក៏ប្រើអំណាចលើប្រជារាស្រ្តរបស់ខ្លួនដែរ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះឡើយ។ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ ហើយអ្នកណាដែលចង់បានជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើអ្នករាល់គ្នា។ កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។ កាលគេកំពុងចាកចេញពីក្រុងយេរីខូរ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ ហើយពេលគេឮថា ព្រះយេស៊ូវយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ បណ្តាជនហាមអ្នកទាំងពីរនោះឲ្យនៅស្ងៀម តែគេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង!» ព្រះយេស៊ូវក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ ដោយមានព្រះហឫទ័យក្តួលអាណិត ព្រះយេស៊ូវក៏ពាល់ភ្នែកគេ។ រំពេចនោះគេមើលឃើញភ្លាម ហើយក៏ដើរតាមព្រះអង្គទៅ។
ម៉ាថាយ 20:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។ កាលព្រះយេស៊ូវ ទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសាឡិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែកតាមផ្លូវ ហើយមានបន្ទូលថា មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។ គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ ទ្រង់មានបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់ តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ កាលកំពុងតែចេញពីក្រុងយេរីខូរមក នោះមានមនុស្សមីរដេរដាសដើរតាមទ្រង់ទៅ ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំឲ្យមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង ទ្រង់មានសេចក្ដីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។