ពេលព្រះយេស៊ូវប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យព្រះបាទហេរ៉ូឌ មានពួកហោរពីទិសខាងកើតធ្វើដំណើរមកក្រុងយេរូសាឡិម សួរថា៖ «តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានព្រះហឫទ័យរន្ធត់ជាខ្លាំង ហើយពួកអ្នកដែលនៅជាមួយព្រះអង្គក្នុងក្រុងយេរូសាឡិមក៏រន្ធត់ចិត្តដែរ។ ក្រោយពីបានហៅពួកសង្គ្រាជ និងពួកអាចារ្យរបស់បណ្តាជនមកជួបជុំគ្នាហើយ ទ្រង់ក៏សាកសួរពួកគេពីកន្លែងដែលព្រះគ្រីស្ទប្រសូត។ គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតហោរាបានចែងសេចក្តីទុកមកដូច្នេះថា "ឯឯង បេថ្លេហិម ស្រុកយូដាអើយ! ឯងមិនមែនតូចជាងគេក្នុងចំណោម ពួកមេដឹកនាំនៅស្រុកយូដាទេ ដ្បិតនឹងមានមេដឹកនាំម្នាក់កើតចេញពីឯង អ្នកនោះនឹងឃ្វាលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"» ។ ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក រួចទ្រង់ចាត់ពួកហោរទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយត្រាស់បង្គាប់ថា៖ «ចូរអស់លោកទៅចុះ ហើយស៊ើបសួរពីកូនតូចនោះឲ្យច្បាស់លាស់ ពេលឃើញហើយ ត្រូវមកប្រាប់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ»។ ក្រោយពីបានទទួលការត្រាស់បង្គាប់របស់ស្តេចហើយ គេក៏នាំគ្នាចេញទៅ ពេលនោះ ផ្កាយដែលគេបានឃើញពីទិសខាងកើត ក៏នាំមុខគេរហូតដល់ចំពីលើកន្លែងដែលបុត្រតូចគង់នៅទើបឈប់។ ពេលឃើញផ្កាយនោះឈប់ដូច្នោះ គេមានអំណរជាខ្លាំង ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។
អាន ម៉ាថាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 2:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ