ពេលនោះ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែម្នាក់ប៉ុណ្ណោះដែលល្អ។ បើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបទបញ្ជាទៅ»។ គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ ចូរគោរពឪពុកម្តាយ ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង »។ បុរសវ័យក្មេងនោះទូលព្រះអង្គថា៖ «ខ្ញុំបានកាន់តាមបទបញ្ជាទាំងនេះ [តាំងពីក្មេងមក]ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។ កាលបុរសវ័យក្មេងនោះឮដូច្នោះ គាត់ក៏ចេញទៅទាំងព្រួយចិត្ត ព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌ណាស់។ ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។ កាលពួកសិស្សបានឮដូច្នោះ គេនឹកប្លែកក្នុងចិត្តជាខ្លាំង ហើយពោលថា៖ «ដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?» ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។ ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។ ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុន នឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ»។
អាន ម៉ាថាយ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 19:16-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ