កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងទៅកាន់ស្រុកយូដា ខាងនាយទន្លេយ័រដាន់។ មហាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជានៅទីនោះ។ មានពួកផារិស៊ីខ្លះចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលសួរថា៖ «តើបុរសមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាមួយបានឬទេ?» ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី ?" រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ" ។ យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។ គេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ ហើយឲ្យលែងប្រពន្ធដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។ ពួកសិស្សទូលព្រះអង្គថា៖ «បើបុរសដែលមានប្រពន្ធមានករណីបែបនេះ ស៊ូកុំរៀបការប្រសើរជាង»។ តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មិនមែនគ្រប់គ្នាអាចទទួលសេចក្ដីបង្រៀននេះបានទេ គឺទទួលបានតែអស់អ្នកដែលព្រះបានប្រទានមកប៉ុណ្ណោះ ដ្បិតមានមនុស្សខ្លះ ដែលកើតពីផ្ទៃម្តាយមកមិនអាចរៀបការបាន ក៏មានមនុស្សកម្រៀវដែលអ្នកដទៃបានក្រៀវ ហើយមានមនុស្សកម្រៀវដែលបានក្រៀវដោយខ្លួនឯង ដោយព្រោះព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាដែលអាចទទួលសេចក្ដីនេះបាន ចូរទទួលចុះ»។ បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។ ព្រះអង្គក៏ដាក់ព្រះហស្តលើក្មេងទាំងនោះ រួចយាងចេញពីទីនោះទៅ។
អាន ម៉ាថាយ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 19:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ