ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវយកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយព្រះអង្គ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្ររបស់ព្រះអង្គចាំងភ្លឺដូចថ្ងៃ ហើយព្រះពស្ត្រព្រះអង្គត្រឡប់ជាសដូចពន្លឺ។ រំពេចនោះ គេឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមក កំពុងតែសន្ទនាជាមួយព្រះអង្គ។ ពេត្រុសទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់ ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងធ្វើត្រសាលបីនៅទីនេះ គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!» ពេលពួកសិស្សឮដូច្នោះ គេក៏ក្រាបចុះមុខដល់ដី ទាំងតក់ស្លុតជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូវយាងទៅជិត ហើយពាល់គេ ទាំងមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង កុំខ្លាចអី!»។ កាលគេងើបមុខឡើង គេមិនឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គឯងប៉ុណ្ណោះ។ ពេលគេកំពុងតែចុះពីភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលហាមគេថា៖ «កុំប្រាប់ពីហេតុការណ៍ដែលអ្នកបានឃើញនេះដល់អ្នកណាឲ្យសោះ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ»។
អាន ម៉ាថាយ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 17:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ