ម៉ាថាយ 10

10
សាវក​ទាំង​ដប់​ពីរ​រូប
(ម៉ាកុស ៣.១៣-១៩ លូកា ៦.១២-១៦)
1ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ 2សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ 3ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ 4ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។
បេសក‌កម្ម​របស់​អ្នក​ទាំង​ដប់​ពីរ
(ម៉ាកុស ៦.៧-១៣ លូកា ៩.១-៦)
5ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ 6តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។ 7ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ 8ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។ 9កុំ​យក​មាស ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ឡើយ 10កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។ 11នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។ 12ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។ 13បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ 14បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។ 15ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត»។
អំពី​ការ​បៀតបៀន
(ម៉ាកុស ១៣.៩-១៣ លូកា ២១.១២-១៧)
16«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។ 17ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ 18អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។ 19ប៉ុន្តែ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ កុំ​ខ្វល់​ពី​របៀប ឬ​ពាក្យ​ដែល​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ដ្បិត​អ្វី​ដែល​ត្រូវ​និយាយ ព្រះ​នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ។ 20ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។ 21បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់ 22មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​នាម​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ នឹង​បាន​សង្គ្រោះ។ 23ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។
24សិស្ស​មិន​លើស​ជាង​គ្រូ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ដែល​លើស​ជាង​ម្ចាស់​របស់​ខ្លួន​ដែរ 25ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។
អ្នក​ដែល​ត្រូវ​ខ្លាច
(លូកា ១២.២-៧)
26«ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ ក៏​គ្មាន​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​នោះ​ដែរ។ 27អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។ 28កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។ 29តើ​គេ​មិន​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​នោះ​ឡើយ។ 30សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ 31ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។
32«ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ 33តែ​អ្នក​ណា​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ»។
ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ
(លូកា ១២.៥១-៥៣)
34«កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​នាំ​សេចក្ដី​សុខ‌សាន្ត​មក​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​នាំ​សេចក្តី​សុខ‌សាន្ត​មក​ទេ តែ​ខ្ញុំ​នាំ​ដាវ​មក​ទេ​តើ! 35ដ្បិត​ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក 36ហើយ​សត្រូវ​របស់​អ្នក​នោះ គឺ​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ឯង។ 37អ្នក​ណា​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្តិសម​នឹង​ខ្ញុំ​ឡើយ ហើយ​អ្នក​ណា​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ដែរ។ 38អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន មក​តាម​ខ្ញុំ មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ទេ។ 39អ្នក​ណា​ដែល​រក​បាន​ជីវិត​របស់​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត​របស់​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ»។
រង្វាន់
40«អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ 41អ្នក​ណា​ទទួល​ហោរា ក្នុង​នាម​ជា​ហោរា អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​ហោរា ហើយ​អ្នក​ណា​ទទួល​មនុស្ស​សុចរិត ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​មនុស្ស​សុចរិត​នោះ។ 42អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល