ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។ កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។ លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។ នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។ ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។ ថ្ងៃមួយ ពេលព្រះអង្គកំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ ព្រះអង្គសួរគេថា៖ «តើមហាជនថាខ្ញុំជាអ្នកណា?» គេទូលឆ្លើយថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?» ពេត្រុសទូលឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រីស្ទនៃព្រះ»។ ព្រះយេស៊ូវហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីសេចក្តីនេះឡើយ ដោយមានព្រះបន្ទូលថា៖ «កូនមនុស្សត្រូវរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។ រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។ ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ នៅពេលដែលលោកមកក្នុងសិរីល្អរបស់លោក សិរីល្អរបស់ព្រះវរបិតា និងសិរីល្អរបស់ពួកទេវតាបរិសុទ្ធ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះ នឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះ»។
អាន លូកា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 9:10-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ