លូកា 7:1-17

លូកា 7:1-17 គកស១៦

កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម។ ពេល​នោះ មាន​បាវ​បម្រើ​សំណព្វ​របស់​មេ​ទ័ព​រ៉ូម​ម្នាក់ ឈឺ​ហៀប​នឹង​ស្លាប់។ ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។ កាល​គេ​បាន​ទៅ​ជួប​ព្រះ‌យេស៊ូវ​ហើយ គេ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «មេ​ទ័ព​នោះ​ស័ក្ដិ‌សម​នឹង​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក ដ្បិត​គាត់​ស្រឡាញ់​សាសន៍​របស់​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​មួយ​ឲ្យ​យើង»។ ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​ពួកគេ តែ​កាល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ មេ​ទ័ព​នោះ​ចាត់​មិត្ត​សម្លាញ់​ឲ្យ​មក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះហឫ‌ទ័យ​ឡើយ ដ្បិត​ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។ ដ្បិត​ទូល‌បង្គំ​ក៏​នៅ​ក្រោម​អំណាច​គេ ទាំង​មាន​ទាហាន​នៅ​ក្រោម​អំណាច​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​បម្រើ​ថា "ធ្វើ​ការ​នេះ" បាវ​បម្រើ​នោះ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។ ពេល​អស់​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គេ​ឃើញ​បាវ​បម្រើ​នោះ​ជា​សះ‌ស្បើយ។ ក្រោយ​មក ព្រះ‌អង្គ​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន ហើយ​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។ ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!» អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។ ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។

អាន លូកា 7

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 7:1-17