លូកា 7:1-17

លូកា 7:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រជា‌ជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើ‌ណិម។ នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់ ជិត​ស្លាប់។ ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។ ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់ ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​ឲ្យ​យើង​ផង»។ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះអង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។ មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។ ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះអង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ​ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ព្រះអង្គ​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។ រំពេច​នោះ បុគ្គល​ដែល​ស្លាប់​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប​បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។ ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ​បាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។

ចែក​រំលែក
អាន លូកា 7

លូកា 7:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម។ ពេល​នោះ មាន​បាវ​បម្រើ​សំណព្វ​របស់​មេ​ទ័ព​រ៉ូម​ម្នាក់ ឈឺ​ហៀប​នឹង​ស្លាប់។ ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។ កាល​គេ​បាន​ទៅ​ជួប​ព្រះ‌យេស៊ូវ​ហើយ គេ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «មេ​ទ័ព​នោះ​ស័ក្ដិ‌សម​នឹង​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក ដ្បិត​គាត់​ស្រឡាញ់​សាសន៍​របស់​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​មួយ​ឲ្យ​យើង»។ ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​ពួកគេ តែ​កាល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ មេ​ទ័ព​នោះ​ចាត់​មិត្ត​សម្លាញ់​ឲ្យ​មក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះហឫ‌ទ័យ​ឡើយ ដ្បិត​ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។ ដ្បិត​ទូល‌បង្គំ​ក៏​នៅ​ក្រោម​អំណាច​គេ ទាំង​មាន​ទាហាន​នៅ​ក្រោម​អំណាច​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​បម្រើ​ថា "ធ្វើ​ការ​នេះ" បាវ​បម្រើ​នោះ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។ ពេល​អស់​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គេ​ឃើញ​បាវ​បម្រើ​នោះ​ជា​សះ‌ស្បើយ។ ក្រោយ​មក ព្រះ‌អង្គ​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន ហើយ​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។ ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!» អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។ ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។

ចែក​រំលែក
អាន លូកា 7

លូកា 7:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ ឲ្យ​បណ្តាជន​ស្តាប់​រួច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​វិញ នោះ​មាន​បាវ​សំណប់​របស់​មេ​ទ័ព​ម្នាក់ វា​ឈឺ​ហៀប​នឹង​ស្លាប់ លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ កាល​គេ​បាន​ទៅ​ដល់​ព្រះ‌យេស៊ូវ​ហើយ នោះ​ក៏​ទទូច​អង្វរ​ទ្រង់​ថា មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្តា​ដែរ ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សំរាប់​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​នឹង​គេ កាល​ហៀប​នឹង​ដល់​ផ្ទះ​ហើយ នោះ​មេ​ទ័ព​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះ‌ទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូលបង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​១​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូលបង្គំ​បាន​ជា​ហើយ ដ្បិត​ទូលបង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ នោះ​វា​ក៏​ធ្វើ​តាម កាល​ព្រះ‌យេស៊ូវ​បាន​ឮ​សេចក្ដី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​បន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។ ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណា‌អ៊ីន មាន​ទាំង​ពួក​សិស្ស នឹង​មនុស្ស​សន្ធឹក​ទៅ​ដែរ កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​បន្ទូល​ថា កុំ​យំ​អី រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា នឹង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។

ចែក​រំលែក
អាន លូកា 7