ថ្ងៃមួយ កាលព្រះអង្គកំពុងតែបង្រៀន មានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ អ្នកទាំងនោះមកពីគ្រប់ភូមិនៅស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម ហើយព្រះចេស្តារបស់ព្រះអម្ចាស់នៅជាមួយព្រះអង្គ ដើម្បីប្រោសឲ្យជា ហើយមើល៍ មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមក។ គេព្យាយាមនាំគាត់ចូលមកដាក់នៅមុខព្រះយេស៊ូវ តែគេរកផ្លូវនាំគាត់ចូលពុំបានសោះ ដោយព្រោះមហាជន។ គេក៏ឡើងទៅលើ រើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែស្នែង ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូវ។ ពេលព្រះអង្គឃើញជំនឿរបស់គេ នោះទ្រង់មានព្រះបន្ទូលថា៖ «អ្នកអើយ បាបអ្នកបានទទួលការអត់ទោសហើយ»។ ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្ដើមរិះគិតគ្នាថា៖ «តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ? ក្រៅពីព្រះមួយអង្គ តើអ្នកណាអាចអត់ទោសបាបបាន?» កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ? ដ្បិតដែលថា៖ "បាបអ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង?» ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើង) ខ្ញុំប្រាប់អ្នកថា៖ «ចូរក្រោកឡើង ហើយយកគ្រែរបស់អ្នកដើរទៅផ្ទះទៅ»។ រំពេចនោះ គាត់ក៏ក្រោកឈរឡើងនៅមុខគេ លើកគ្រែដែលគាត់បានដេក ហើយដើរទៅផ្ទះ ទាំងសរសើរតម្កើងព្រះ។ គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។ ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គក៏យាងចេញទៅ ហើយឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ទុកអ្វីៗទាំងអស់ចោល ហើយដើរតាមព្រះអង្គទៅ។ បន្ទាប់មក លេវីបានរៀបជប់លៀងយ៉ាងធំថ្វាយព្រះអង្គនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធច្រើនកុះករ ព្រមទាំងមនុស្សឯទៀតអង្គុយរួមតុជាមួយពួកគេ។ ពួកអាចារ្យ និងពួកផារិស៊ីរអ៊ូរទាំប្រាប់សិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នកបរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបឲ្យប្រែចិត្តវិញ»។ បន្ទាប់មក គេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានតមអាហារ ហើយអធិស្ឋានជាញឹកញាប់ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សរបស់លោក បែរជាស៊ីផឹកទៅវិញ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលកូនកំលោះកំពុងនៅជាមួយ តើអាចឲ្យពួកភ្ញៀវតមអាហារបានដែរឬ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះ នឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «គ្មានអ្នកណាហែកយកក្រណាត់ថ្មី មកប៉ះអាវចាស់ទេ ធ្វើដូច្នេះក្រណាត់ថ្មីនឹងត្រូវរហែក ហើយបំណាស់ដែលយកពីក្រណាត់ថ្មី ក៏មិនសមនឹងអាវចាស់ដែរ។ គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាទំពាំងបាយជូរថ្មីនឹងធ្វើឲ្យថង់ស្បែកផ្ទុះ រួចធ្លាយស្រាចេញមក ហើយថង់ស្បែកនឹងត្រូវខូចខាតមិនខាន។ ប៉ុន្ដែ ស្រាទំពាំងបាយជូរថ្មីត្រូវដាក់ទៅក្នុងថង់ស្បែកថ្មីវិញ។ កាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់ផឹកស្រាថ្មីទេ ដ្បិតគេពោលថា "ស្រាចាស់ឆ្ងាញ់ជាង"» ។
អាន លូកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 5:17-39
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ