បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។ ព្រះអង្គបង្រៀននៅក្នុងសាលាប្រជុំរបស់គេ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់គ្នា។ កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់ គាប់ព្រះហឫទ័យ» ។ កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយសុភាសិតនេះដាក់ខ្ញុំថា៖ "គ្រូពេទ្យអើយ ចូរមើលខ្លួនឯងឲ្យជាសិនទៅ!" អ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុករបស់ខ្លួនផងទៅ!»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលគេបានឮសេចក្តីទាំងនេះ អ្នកដែលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានមានចិត្តក្រេវក្រោធជាខ្លាំង។ ពួកគេក្រោកឡើង ដេញព្រះអង្គចេញពីភូមិ ហើយបណ្តើរព្រះអង្គទៅដល់ជម្រាលភ្នំ ដែលគេបានសង់ធ្វើភូមិ ដើម្បីនឹងច្រានព្រះអង្គទម្លាក់ពីលើចំណោត។ ប៉ុន្តែ ព្រះអង្គយាងកាត់កណ្តាលចំណោមពួកគេ ហើយចេញទៅបាត់។
អាន លូកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 4:14-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ