លូកា 2:8-21

លូកា 2:8-21 គកស១៦

នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។ ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ នៅ​ជា​មួយ​ទេវតា​នោះ ហើយ​ពោល​សរសើរ​ដល់​ព្រះ​ថា៖ «សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។ កាល​ពួក​ទេវតា​បាន​ចេញ​ពី​ពួក​គេ ត្រឡប់​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​គង្វាល​និយាយ​គ្នា​ថា៖ «ទៅ​យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ ដូច​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង»។ ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ដែល​ពួក​គង្វាល​បាន​ប្រាប់។ ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។ ឯ​ពួក​គង្វាល​ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​ថ្វាយ​សិរី​ល្អ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ ដូច​ជា​ទេវតា​បាន​ប្រាប់។ លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។

អាន លូកា 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:8-21