លូកា 2:8-21

លូកា 2:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។ ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ នៅ​ជា​មួយ​ទេវតា​នោះ ហើយ​ពោល​សរសើរ​ដល់​ព្រះ​ថា៖ «សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។ កាល​ពួក​ទេវតា​បាន​ចេញ​ពី​ពួក​គេ ត្រឡប់​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​គង្វាល​និយាយ​គ្នា​ថា៖ «ទៅ​យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ ដូច​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង»។ ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ដែល​ពួក​គង្វាល​បាន​ប្រាប់។ ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។ ឯ​ពួក​គង្វាល​ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​ថ្វាយ​សិរី​ល្អ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ ដូច​ជា​ទេវតា​បាន​ប្រាប់។ លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។

ចែក​រំលែក
អាន លូកា 2

លូកា 2:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវតា*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។

ចែក​រំលែក
អាន លូកា 2

លូកា 2:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា នឹង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។ លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។

ចែក​រំលែក
អាន លូកា 2