លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។ លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយគេថ្វាយយញ្ញបូជា តាមសេចក្តីដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលកមួយគូ ឬព្រាបជំទើរពីរ» ។ នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖ «ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំនៅមុខមនុស្សទាំងអស់ ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯយ៉ូសែប និងម៉ារា មានសេចក្តីអស្ចារ្យនឹងពាក្យទាំងប៉ុន្មាន ដែលគេនិយាយអំពីព្រះអង្គ។ ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង ឯនាងវិញ នឹងមានដាវចាក់ទម្លុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសម្តែងចេញមក»។
អាន លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:21-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ