ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា «សេចក្តីល្បួងដែលនាំឲ្យធ្វើបាបប្រាកដជាត្រូវមក តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង។ ប្រសិនបើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទម្លាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយរវាតចិត្ត។ ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ ប្រសិនបើគាត់ធ្វើបាបនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នកប្រាំពីរដងថា "ខ្ញុំប្រែចិត្ត" នោះចូរអត់ទោសឲ្យគាត់ទៅ»។ ដូច្នេះ ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមទ្រង់ចម្រើនជំនឿដល់យើងខ្ញុំផង!» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រឡប់ពីស្រែមកវិញ តើអ្នកនឹងនិយាយថា "សូមមកអង្គុយនៅតុអាហារ" ឬ? តើមិននិយាយយ៉ាងនេះវិញទេថា "ចូររៀបចំអាហារ ហើយក្រវាត់ចង្កេះមកបម្រើយើងបរិភោគជាមុនសិន រួចសឹមឯងស៊ីតាមក្រោយ" ទេឬ? តើចៅហ្វាយដឹងគុណបាវបម្រើនោះ ដោយព្រោះគេធ្វើតាមបង្គាប់ឬ? អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូក ហើយ នោះត្រូវរាប់ថា "យើងជាបាវបម្រើឥតកម្រៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ"»។ ពេលព្រះយេស៊ូវកំពុងយាងឡើងទៅក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី និងស្រុកកាលីឡេ។ កំពុងតែយាងចូលទៅក្នុងភូមិមួយ នោះមានមនុស្សឃ្លង់ដប់នាក់បានជួបព្រះអង្គ។ គេឈរពីចម្ងាយ ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។ ពេលព្រះអង្គទតឃើញក៏មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ»។ លុះកំពុងតែដើរទៅ នោះគេក៏បានជាស្អាតទាំងអស់គ្នា។ មានម្នាក់ក្នុងចំណោមពួកគេ ពេលឃើញថាខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរតម្កើងព្រះដោយសំឡេងខ្លាំងៗ ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? តើមានតែសាសន៍ដទៃម្នាក់នេះទេឬ ដែលវិលមកសរសើរតម្កើងព្រះ»? រួចព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរក្រោកឡើងទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ពួកផារិស៊ីទូលសួរព្រះយេស៊ូវអំពីព្រះរាជ្យរបស់ព្រះ ដែលត្រូវមកដល់នៅវេលាណា ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះរាជ្យរបស់ព្រះមិនមែនមកបែបឲ្យមនុស្សមើលឃើញទេ គ្មានអ្នកណាដឹងថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះបានឡើយ" ដ្បិតព្រះរាជ្យរបស់ព្រះស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នាហើយ»។ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នាទន្ទឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែនឹងមិនឃើញឡើយ។ គេនឹងប្រាប់អ្នករាល់គ្នាថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះ" កុំឲ្យចេញទៅតាមគេឲ្យសោះ។ ដ្បិតនៅថ្ងៃកូនមនុស្សនឹងយាងមក ប្រៀបដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាង។ ប៉ុន្តែ លោកត្រូវរងទុក្ខលំបាកជាច្រើនមុនសិន និងត្រូវមនុស្សជំនាន់នេះបោះបង់លោកចោលផង។ នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ។
អាន លូកា 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 17:1-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ