លូកា 16:1-13

លូកា 16:1-13 គកស១៦

ព្រះយេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​មើល​ខុស​ត្រូវ​លើ​របស់​ទ្រព្យសម្បត្តិ​របស់​លោក​ថា អ្នក​នោះ​ចាយ​បង្ហិន‌បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន។ គាត់​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា "តើ​រឿង​ដែល​ខ្ញុំ​បាន​ឮគេ​និយាយ​ពី​អ្នក នោះយ៉ាងណា​ដែរ? ចូរ​យក​បញ្ជី​ពី​ការ​ចាត់​ចែង​របស់​អ្នក​មកឲ្យ​ខ្ញុំ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់​យើង​ត​ទៅ​ទៀត​បាន​ទេ"។ អ្នក​ចាត់​ការ​នោះគិត​ក្នុង​ចិត្ត​ថា "តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ដ្បិត​ចៅហ្វាយ​ខ្ញុំ​គិត​ដក​ការ​ត្រួត‌ត្រា​នេះ​ពី​ខ្ញុំ​ហើយ ខ្ញុំ​គ្មាន​កម្លាំង​ទៅ​កាប់​ដី​ទេ បើ​ដើរ​សុំ​ទាន ក៏​ខ្មាស​គេ​ដែរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​ខ្ញុំ​ចេញ​ពី​ការ​ត្រួត‌ត្រា​នេះ ខ្ញុំ​នឹង​មាន​គេ​ទទួល​ខ្ញុំ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន"។ គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទីមួយ​ថា "តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន"? អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ប្រេង​មួយ​រយ​ប៉ោត" រួច​គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​ហា‌សិប​វិញ ជា​ប្រញាប់​ទៅ"។ គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា "ចុះ​អ្នក តើ​ជំពាក់​ប៉ុន្មាន?" អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ស្រូវ​មួយ​រយ​ហាប" គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​ប៉ែត‌សិប​វិញ​ទៅ"។ ចៅហ្វាយ​ក៏​សរសើរ​អ្នកមើល​ខុស​ត្រូវ​ទុច្ចរិត​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ពន្លឺ​ទៅ​ទៀត។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សម្លាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​ទ្រព្យ​នោះ​រលាយ​សូន្យ​ទៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​វិញ។ អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណាអាច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏ពិត​ប្រាកដ ទុក​នឹង​អ្នក​រាល់​គ្នាបាន? ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃទេ តើ​អ្នក​ណានឹង​ឲ្យ​អ្វី​ដាច់​ជា​របស់​អ្នក​បាន? គ្មាន​បាវ​បម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​បាវ​បម្រើ​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ឬ​នឹង​កាន់​ខាង​មួយ ហើយ​មើល​ងាយ​មួយ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

អាន លូកា 16