លូកា 15:11-32

លូកា 15:11-32 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់។ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា "លោក​ឪពុក សូម​ប្រគល់​ចំណែក​មត៌ក ដែល​ត្រូវ​ចែក​ឲ្យ​ខ្ញុំ​នោះ​មក"។ ឪពុក​ក៏​ចែក​ទ្រព្យ​ឲ្យ​កូន។ ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទ្រព្យ​ទាំង​អស់ ចេញ​ទៅ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​របស់​ខ្លួន ដោយ​ការ​រស់​នៅ​យ៉ាង​ខ្ជះ‌ខ្ជាយ។ កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ ហើយ​គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត។ ដូច្នេះ គាត់​ក៏​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​គាត់​ឲ្យ​ទៅ​ឃ្វាល​ហ្វូង​ជ្រូក​នៅ​ឯ​វាល។ គាត់​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សម្បក ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ។ ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា "អ្នក​បម្រើ​ដែល​ស៊ី​ឈ្នួល​របស់​ឪពុក​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ។ ខ្ញុំ​នឹង​ក្រោក​ឡើង ទៅ​និយាយ​ជា​មួយ​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ និង​ចំពោះ​លោក​ឪពុក ខ្ញុំ​នេះ​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​របស់​លោក​ឪពុក​ចុះ"។ ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។ កូន​ពៅ​និយាយទៅឪពុក​ថា "លោក​ឪពុក កូន​បាន​ប្រព្រឹត្តអំពើ​បាប​ចំពោះ​ព្រះ និង​ចំពោះ​លោក​ឪពុក កូន​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ"។ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក មក​កាប់​ជប់លៀង ហើយ​បរិ‌ភោគ​ឲ្យ​សប្បាយ​ចុះ ដ្បិត​កូន​យើង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ តែ​បាន​ឃើញ​វិញ​ហើយ"។ គេ​ក៏​ចាប់​ផ្តើម​ជប់​លៀង​សប្បាយ។ ឯ​កូន​ច្បង​នៅ​ឯ​ចម្ការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ គាត់​ហៅ​បាវ​បម្រើ​ម្នាក់​មក​សួរ​ថា តើ​គេ​ធ្វើ​អ្វី​ហ្នឹង? បាវ​បម្រើ​នោះ​ជម្រាប​ថា "ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​ឪពុក​របស់​លោក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ព្រោះ​កូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត"។ ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ផ្ទះ​ទេ ហើយ​ឪពុក​ចេញ​មក​អង្វរ​គាត់។ តែ​គាត់​ឆ្លើយ​ថា "ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​បង្គាប់​អ្វី​សោះ លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​មួយ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ជា​មួ​យ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​សោះ។ ឯ​កូន​លោក​ឪពុក ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ឪពុក ជាមួយ​ស្រី​ញី ពេល​វា​ត្រឡប់​មក​វិញ លោក​ឪពុក​បែរ​ជា​សម្លាប់​កូន​គោ ដែល​បំប៉ន​ទទួល​វាទៅ​វិញ"។ ឪពុក​ក៏​តប​ថា "កូន​អើយ កូន​បាន​នៅ​ជា​មួយ​ឪពុក​រហូត​មក ហើយ​របស់​ឪពុក​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​កូន​ដែរ។ គួរ​តែ​សប្បាយ​រីក​រាយ​ឡើង ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ វា​បាន​វង្វេង​បាត់ តែ​បាន​ឃើញ​វិញ​ហើយ"»។

អាន លូកា 15