លូកា 12:13-34

លូកា 12:13-34 គកស១៦

មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​ចែក​មត៌ក​មក​ខ្ញុំ​ផង»។ ទ្រង់​ឆ្លើយ​តប​ថា៖ «ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ «មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា "តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ"។ គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។ រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?" អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។ ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត? តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កម្ពស់​ខ្លួន​ឡើង​មួយ​ហត្ថ ដោយ‌សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ? ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត? ចូរ​ពិចារណា​ពី​ផ្កា​ឈូក ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច? វា​មិន​ដែល​នឿយ​ហត់​នឹង​ធ្វើ​ការងារ ឬ​ស្រាវ‌រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែព្រះ​បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​មួយ​នោះ​ផង។ ប្រសិន‌បើ​ព្រះ​តុប‌តែង​តិណ‌ជាតិ​ដែល​ដុះ​នៅ​វាល ដែល​រស់​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង​ក្រាន​យ៉ាង​នោះ​ទៅ​ហើយ តើ​ព្រះ‌អង្គ​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត? ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! កុំ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិ‌ភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ។ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លើ​ពិភព​លោក​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នោះ។ ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ​វិញ ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នាថែម​ទៀត​ផង»។ «កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។ ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សម្រាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ជា​ស្ថាន​ដែល​គ្មាន​ចោរ​ចូល​ទៅ​ជិត ឬកន្លាត​ស៊ីបំផ្លាញ​ឡើយ។ ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅ​កន្លែង​ណា ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ដែរ»។

អាន លូកា 12

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 12:13-34