«គ្មានអ្នកណាអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺ។ ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹត។ ដូច្នេះ ចូរប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹត។ ប្រសិនបើរូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ»។ កាលព្រះអង្គកំពុងតែមានព្រះបន្ទូល មានម្នាក់ក្នុងពួកផារិស៊ី ទូលសូមព្រះអង្គយាងទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅគង់នៅតុ។ អ្នកផារិស៊ីនោះបានឃើញ ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានលាងព្រះហស្ត មុននឹងសោយ។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬ? ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយមួយភាគក្នុងដប់ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ និងសេចក្តីស្រឡាញ់របស់ព្រះទៅវិញ ការទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ឥតចោលការអ្វីផ្សេងទៀតឡើយ។ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ វេទនាដល់អ្នករាល់គ្នា [ពួកអាចារ្យ និងពួកផារិស៊ី ជាអ្នកមានពុតអើយ] ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា៖ «លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះមានន័យថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃមួយឆ្កឹះបន្ទុកនោះផង។ វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើផ្នូរឲ្យពួកហោរា ដែលបុព្វបុរសអ្នករាល់គ្នាបានសម្លាប់។ ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការដែលបុព្វបុរសអ្នករាល់គ្នាបានធ្វើនោះហើយ ដ្បិតអ្នកទាំងនោះបានសម្លាប់គេមែន ហើយអ្នករាល់គ្នាធ្វើផ្នូរឲ្យដែរ។ ដោយហេតុនោះបានជាប្រាជ្ញារបស់ព្រះបានសម្តែងថា "យើងនឹងចាត់ពួកហោរា និងពួកសាវកឲ្យទៅរកគេ គេនឹងសម្លាប់ខ្លះ ហើយបណ្តេញខ្លះ" ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយតាំងពីកំណើតពិភពលោកមកនោះ បានត្រូវទារពីមនុស្សជំនាន់នេះវិញ។ គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសម្លាប់ នៅចន្លោះអាសនា និងទីបរិសុទ្ធ។ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សជំនាន់នេះវិញ។ វេទនាដល់អ្នករាល់គ្នា ពួកអ្នកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះដឹងចេញហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយថែមទាំងរាំងរាអស់អ្នកដែលកំពុងចូល មិនឲ្យគេចូលទៀតផង»។ ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន ដោយចាំចាប់កំហុសព្រះអង្គ ដើម្បីរកហេតុឲ្យបានរឿងចោទប្រកាន់ ពេលព្រះអង្គមានព្រះបន្ទូល។
អាន លូកា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 11:33-54
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ