លូកា 11
11
សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់
(ម៉ាថាយ ៦.៩-១៣, ៧.៧-១១)
1ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។ 2ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «កាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា
ឱព្រះវរបិតានៃយើងខ្ញុំ
ដែលគង់នៅស្ថានសួគ៌អើយ
សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់
សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ
បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
3សូមប្រទានអាហារ
ដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។
4សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ
ដ្បិតយើងខ្ញុំក៏អត់ទោស
ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ
ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ
[តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។
សេចក្តីខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន
5ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅរកអ្នកនោះទាំងពាក់កណ្តាលអធ្រាត្រថា "សម្លាញ់អើយ សូមឲ្យខ្ញុំខ្ចីនំបុ័ងបីដុំសិន 6ដ្បិតមានសម្លាញ់ខ្ញុំម្នាក់ ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្ញុំគ្មានអ្វីទទួលគេសោះ"។ 7អ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា "កុំមករំខានចិត្តខ្ញុំអី ព្រោះទ្វារបិទហើយ កូនខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំក្រោកទៅយកឲ្យឯងពុំបានទេ"។ 8ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច។
9ដូច្នេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។ 10ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។ 11ក្នុងចំណោមអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅកូន ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ? 12បើកូនសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬ? 13បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។
ព្រះយេស៊ូវ និងបេលសេប៊ូល
(ម៉ាថាយ ១២.២២-៣០,៤៣-៤៥ ម៉ាកុស ៣.២០-២៧)
14គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ 15តែខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។ 16អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។ 17ព្រះយេស៊ូវជ្រាបពីគំនិតគេ ក៏មានព្រះបន្ទូលថា៖ «អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នគរនោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង ផ្ទះនោះនឹងត្រូវរលំទៅជាមិនខាន។ 18ប្រសិនបើសាតាំងបែកបាក់ទាស់ទែងគ្នាឯង ធ្វើដូចម្តេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល។ 19ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។ 20ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ 21កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ 22ប៉ុន្តែ បើអ្នកណាខ្លាំងជាង មកវាយឈ្នះគាត់កាលណា នោះគេដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះ រួចប្លន់យកជ័យភណ្ឌទៅចែកគ្នាហើយ។ 23អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកម្ចាត់កម្ចាយវិញ»។
ចូរប្រយ័ត្នកុំឲ្យវិញ្ញាណអាក្រក់វិលមកវិញ
24«កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សម្រាក តែដោយរកមិនបានសោះ នោះវាគិតថា "អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបចេញមកនោះវិញ"។ 25ពេលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ 26នោះវាក៏ចេញទៅនាំយកអារក្សប្រាំពីរទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹតតែអាក្រក់ជាងមុនទៅទៀត»។
ព្រះពរពិតប្រាកដ
27កាលព្រះអង្គកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្សថា៖ «មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ»។ 28តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
ទីសម្គាល់របស់លោកយ៉ូណាស
(ម៉ាថាយ ១២.៣៨-៤២)
29ពេលនោះ មហាជនប្រជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេរកតែទីសម្គាល់ទេ តែគ្មានទីសម្គាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ 30ដ្បិតលោកយ៉ូណាសជាទីសម្គាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា កូនមនុស្សក៏នឹងបានជាទីសម្គាល់ដល់មនុស្សជំនាន់នេះយ៉ាងដូច្នោះដែរ។ 31នៅថ្ងៃជំនុំជម្រះ មហាក្សត្រិយ៍ស្រុកខាងត្បូង នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេ ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញាព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះមានអ្វីមួយវិសេសលើសជាងព្រះបាទសាឡូម៉ូនទៅទៀត។ 32នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេដែរ ព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល៍! នៅទីនេះមានមួយអង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។
ចង្កៀងរបស់រូបកាយ
(ម៉ាថាយ ៥.១៥, ៦.២២-២៣)
33«គ្មានអ្នកណាអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺ។ 34ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹត។ 35ដូច្នេះ ចូរប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹត។ 36ប្រសិនបើរូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ»។
ព្រះយេស៊ូវប្រាប់ឲ្យប្រយ័ត្ននឹងពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
37កាលព្រះអង្គកំពុងតែមានព្រះបន្ទូល មានម្នាក់ក្នុងពួកផារិស៊ី ទូលសូមព្រះអង្គយាងទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅគង់នៅតុ។ 38អ្នកផារិស៊ីនោះបានឃើញ ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានលាងព្រះហស្ត មុននឹងសោយ។ 39ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ 40ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬ? 41ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
42ប៉ុន្តែ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយមួយភាគក្នុងដប់ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ និងសេចក្តីស្រឡាញ់របស់ព្រះទៅវិញ ការទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ឥតចោលការអ្វីផ្សេងទៀតឡើយ។ 43វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ 44វេទនាដល់អ្នករាល់គ្នា [ពួកអាចារ្យ និងពួកផារិស៊ី ជាអ្នកមានពុតអើយ] ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។
45មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា៖ «លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះមានន័យថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ»។ 46ព្រះអង្គមានព្រះបន្ទូលតបថា៖ «វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃមួយឆ្កឹះបន្ទុកនោះផង។ 47វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើផ្នូរឲ្យពួកហោរា ដែលបុព្វបុរសអ្នករាល់គ្នាបានសម្លាប់។ 48ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការដែលបុព្វបុរសអ្នករាល់គ្នាបានធ្វើនោះហើយ ដ្បិតអ្នកទាំងនោះបានសម្លាប់គេមែន ហើយអ្នករាល់គ្នាធ្វើផ្នូរឲ្យដែរ។ 49ដោយហេតុនោះបានជាប្រាជ្ញារបស់ព្រះបានសម្តែងថា "យើងនឹងចាត់ពួកហោរា និងពួកសាវកឲ្យទៅរកគេ គេនឹងសម្លាប់ខ្លះ ហើយបណ្តេញខ្លះ" 50ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយតាំងពីកំណើតពិភពលោកមកនោះ បានត្រូវទារពីមនុស្សជំនាន់នេះវិញ។ 51គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសម្លាប់ នៅចន្លោះអាសនា និងទីបរិសុទ្ធ។ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សជំនាន់នេះវិញ។ 52វេទនាដល់អ្នករាល់គ្នា ពួកអ្នកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះដឹងចេញហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយថែមទាំងរាំងរាអស់អ្នកដែលកំពុងចូល មិនឲ្យគេចូលទៀតផង»។
53ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន 54ដោយចាំចាប់កំហុសព្រះអង្គ ដើម្បីរកហេតុឲ្យបានរឿងចោទប្រកាន់ ពេលព្រះអង្គមានព្រះបន្ទូល។
ទើបបានជ្រើសរើសហើយ៖
លូកា 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies