លូកា 1:39-80

លូកា 1:39-80 គកស១៦

នៅ​គ្រា​នោះ ម៉ារា​ក្រោក​ឡើង ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើ​ទៅ​ភូមិ​មួយ នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា នាង​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ហើយ​ជម្រាប​សួរ​អេលី‌សាបិត។ កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បង្រះ​ឡើង ហើយ​អេលី‌សាបិត​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ក្នុង​ចំណោម​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ដែរ។ ដូច​ម្តេច​ហ្ន៎ បាន​ជា​មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន»។ ម៉ារា​ពោល​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​សណ្ឋាន ទន់​ទាប​របស់​អ្នក​បម្រើ​ព្រះ‌អង្គ មើល​ចុះ ពី​នេះ​ទៅ​មុខ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បាន​ប្រោស សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ។ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ទ្រង់​បាន​សម្តែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​កម្ចាត់​កម្ចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ។ ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក ហើយ​លើក​មនុស្ស​រាប‌សា​ឡើង ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។ ព្រះ‌អង្គ​បាន​ជួយ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដោយ​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង គឺ​មក​កាន់​លោក​អ័ប្រា‌ហាំ និង​ពូជ‌ពង្ស​របស់​លោក​ជា​រៀង​រហូត» ។ ម៉ារា​បាន​ស្នាក់​នៅ​ជា​មួយ​អេលី‌សាបិតប្រហែល​ជា​បី​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ។ លុះ​ដល់​ពេល​ដែល​អេលី‌សាបិត​ត្រូវ​សម្រាល​កូន នោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ។ អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។ នៅ​ថ្ងៃ​ទី​ប្រាំ​បី គេ​មក​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ទារក​នោះ ហើយ​គេ​ចង់​ដាក់​ឈ្មោះ​ទារក​នោះ​ថា "សាការី" តាម​ឈ្មោះ​ឪពុក តែ​ម្តាយ​និយាយ​ថា៖ «ទេ ត្រូវ​ដាក់​ឈ្មោះ​ថា "យ៉ូហាន" វិញ»។ គេ​តប​ទៅ​គាត់​ថា៖ «ក្នុង​ញាតិ​សន្តាន​របស់​អ្នក គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នេះ​ទេ»។ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក ដោយ​ចង់​ដឹង​ថា​លោក​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ លោក​សុំ​ឲ្យ​គេ​យក​ក្តារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា៖ «កូន​នេះ​ឈ្មោះ យ៉ូហាន»។ គេ​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​អស្ចារ្យ។ រំពេច​នោះ មាត់​របស់​លោក​ក៏​បើក​ឡើង ហើយ​អណ្តាត​ក៏​រលាស់​បាន រួច​លោក​ចាប់​ផ្តើម​ពោល​សរសើរ​ព្រះ។ អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ក៏​មាន​ចិត្ត​កោត​ខ្លាច ហើយ​គេ​និយាយ​រឿង​នេះ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​យូដា។ អស់​អ្នក​ដែល​បាន​ឮ ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ពោល​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​នៅ​ជា​មួយ​កូន​នេះ។ ពេល​នោះ សាការី​ជា​ឪពុក​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ថ្លែង​ជា​ទំនាយ​ថា៖ «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។ ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​រួច​ពី ខ្មាំង​សត្រូវ​របស់​យើង និង​រួច​ពី​កណ្តាប់​ដៃ របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ដើម្បី​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដែល​បាន​សន្យា​ដល់​បុព្វ‌បុរស​របស់​យើង ហើយ​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​ជា​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង​ថា ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ ពួក​ខ្មាំង​សត្រូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច ដោយ​បរិសុទ្ធ និង​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ អស់​មួយ​ជីវិត​របស់​យើង។ រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។ កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

អាន លូកា 1