ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។ ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។ ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។ មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។ បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។ ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ» ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?» ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។ ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។ នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា នាងចូលទៅក្នុងផ្ទះសាការី ហើយជម្រាបសួរអេលីសាបិត។ កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់នាងក៏បង្រះឡើង ហើយអេលីសាបិតក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមពួកស្រីៗ នាងជាស្ត្រីមានពរ និងកូនដែលនៅក្នុងផ្ទៃរបស់នាងដែរ។ ដូចម្តេចហ្ន៎ បានជាមាតាព្រះអម្ចាស់នៃខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន»។ ម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ ជាព្រះសង្គ្រោះរបស់ខ្ញុំ ដ្បិតព្រះអង្គបានទតមើលសណ្ឋាន ទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។ ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។ ទ្រង់បានទម្លាក់ស្តេចចេញពីបល្ល័ង្ក ហើយលើកមនុស្សរាបសាឡើង ទ្រង់បានចម្អែតមនុស្សឃ្លានដោយរបស់ល្អ តែបានបណ្តេញពួកអ្នកមានឲ្យចេញទៅដោយដៃទទេ។ ព្រះអង្គបានជួយអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដោយនឹកចាំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង គឺមកកាន់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកជារៀងរហូត» ។ ម៉ារាបានស្នាក់នៅជាមួយអេលីសាបិតប្រហែលជាបីខែ ទើបត្រឡប់ទៅផ្ទះរបស់នាងវិញ។ លុះដល់ពេលដែលអេលីសាបិតត្រូវសម្រាលកូន នោះនាងសម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។ នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។ គេតបទៅគាត់ថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មានអ្នកណាមានឈ្មោះនេះទេ»។ គេធ្វើសញ្ញាសួរទៅឪពុក ដោយចង់ដឹងថាលោកដាក់ឈ្មោះអ្វីឲ្យកូន។ លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។ រំពេចនោះ មាត់របស់លោកក៏បើកឡើង ហើយអណ្តាតក៏រលាស់បាន រួចលោកចាប់ផ្តើមពោលសរសើរព្រះ។ អ្នកជិតខាងទាំងប៉ុន្មាន ក៏មានចិត្តកោតខ្លាច ហើយគេនិយាយរឿងនេះសុសសាយពេញតំបន់ភ្នំទាំងមូលនៃស្រុកយូដា។ អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។ ពេលនោះ សាការីជាឪពុកក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងជាទំនាយថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។ ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធ របស់ព្រះអង្គពីជំនាន់ដើម ដើម្បីឲ្យយើងបានសង្គ្រោះរួចពី ខ្មាំងសត្រូវរបស់យើង និងរួចពីកណ្តាប់ដៃ របស់អស់អ្នកដែលស្អប់យើង។ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ ពួកខ្មាំងសត្រូវរបស់យើង ដើម្បីឲ្យយើងអាចគោរពបម្រើ ព្រះអង្គដោយឥតភ័យខ្លាច ដោយបរិសុទ្ធ និងសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។ កូននោះ មានវ័យចម្រើនឡើងជាលំដាប់ ហើយមានភាពរឹងមាំខាងវិញ្ញាណជាខ្លាំង ក៏រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
អាន លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:26-80
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ