មានមនុស្សជាច្រើន បានផ្តើមតែងរឿង ពីអស់ទាំងការដែលបានសម្រេចនៅក្នុងចំណោមយើង ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបម្រើផ្សាយព្រះបន្ទូល ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តីដែលគេបានបង្រៀនលោក។ ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន អ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានឡើយ។ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។ កាលលោកកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់លោក គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។ លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។ កូននោះនឹងបង្វែរកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។ សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។ មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។ កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។ ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
អាន លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ