លេវីវិន័យ 7
7
1នេះជារបៀបថ្វាយតង្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត 2គឺត្រូវសម្លាប់សត្វដែលត្រូវថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា។ 3ត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ និងខ្លាញ់ដែលរុំអាការៈខាងក្នុង 4ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង។ 5រួចសង្ឃត្រូវដុតថ្វាយនៅលើអាសនា ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាតង្វាយសម្រាប់ថ្វាយ ដោយព្រោះការរំលង។ 6អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត។
7ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែមួយសម្រាប់តង្វាយទាំងពីរយ៉ាង សង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះ។ 8ឯសង្ឃណាដែលថ្វាយតង្វាយដុតរបស់អ្នកណា សង្ឃនោះត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ខ្លួន។ 9អស់ទាំងតង្វាយម្សៅទាំងប៉ុន្មាន ដែលចម្អិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ។ 10ប៉ុន្តែ គ្រប់ទាំងតង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ពួកកូនអើរ៉ុនគ្រប់គ្នាវិញ»។
ការថ្វាយតង្វាយមេត្រី
11នេះជារបៀបថ្វាយយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា។ 12បើអ្នកណាថ្វាយតង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែលាយដោយប្រេង ហើយនំក្រៀបឥតដំបែលាយដោយប្រេង និងនំចៀនធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង មកថ្វាយជាមួយយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណ 13ហើយត្រូវយកនំបុ័ងមានដំបែមកថែមនឹងនំទាំងនោះ សម្រាប់ជាតង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយយញ្ញបូជានៃតង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ។ 14ត្រូវយកនំមួយ ពីរាល់តែតង្វាយយ៉ាងនោះ សម្រាប់ជាតង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់សង្ឃណាដែលប្រោះឈាមតង្វាយមេត្រី។ 15ឯសាច់នៃយញ្ញបូជារបស់តង្វាយមេត្រី ដែលសម្រាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ។ 16ប៉ុន្តែ បើយញ្ញបូជានោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះ ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ។ 17ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងទៅ។ 18បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាតង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទីបី យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ តង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម អស់អ្នកណាដែលបរិភោគ នោះនឹងត្រូវមានទោសដែរ។
19សាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតក្នុងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន។ 20បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាតង្វាយមេត្រីដែលជារបស់ព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន។ 21បើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្ដីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាតង្វាយមេត្រីរបស់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
22ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 23«ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "កុំឲ្យអ្នករាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ 24ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវបរិភោគឡើយ។ 25ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។ 26ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់អ្នករាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើងបួនក្តី។ 27អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន"»។
28ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 29«ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "អ្នកណាដែលថ្វាយយញ្ញបូជា ជាតង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយកមួយផ្នែកពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា 30ដៃអ្នកនោះត្រូវយកតង្វាយដែលសម្រាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ 31រួចត្រូវឲ្យសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់លោកអើរ៉ុន និងពួកកូនលោក។ 32ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលអ្នករាល់គ្នាថ្វាយជាតង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាតង្វាយលើកចុះឡើង។ 33អ្នកណាក្នុងពួកកូនលោកអើរ៉ុនដែលថ្វាយឈាម និងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន។ 34ដ្បិតយើងបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយតង្វាយមេត្រី ប្រគល់ដល់លោកអើរ៉ុន និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ។ 35នេះហើយជាចំណែករបស់លោកអើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យបម្រើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ។ 36គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់គេតរៀងទៅ"»។
37ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី 38ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលព្រះអង្គបានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies