រួចត្រូវយកពពែឈ្មោលពីរ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយដុត ពីក្រុមជំនុំកូនចៅអ៊ីស្រាអែល។ អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសម្រាប់ជាតង្វាយលោះបាបនោះ ទុកជាតង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន និងពូជពង្សផង។ រួចត្រូវយកពពែឈ្មោលទាំងពីរនោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ហើយចាប់ឆ្នោតពពែទាំងពីរនោះ មួយសម្រាប់ព្រះយេហូវ៉ា មួយទៀតសម្រាប់បំបរបង់ទៅ ។ អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសម្រាប់ព្រះយេហូវ៉ា មកថ្វាយទុកជាតង្វាយលោះបាប តែពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។ ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួនពីរក្តាប់ នាំចូលទៅខាងក្នុងវាំងនន រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់។ គាត់ត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើតនៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់ប្រាំពីរដងដែរ។ អើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ប្រជាជន ហើយយកឈាមចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ។ ដូច្នេះ គាត់បានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងអំពើរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយគេ គឺនៅកណ្ដាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្សក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង រួចលោកត្រូវចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់ប្រាំពីរដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាតឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។ កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែមួយដែលនៅរស់នោះមក។ រួចដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួពីអស់ទាំងអំពើទុច្ចរិត និងអស់ទាំងអំពើរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅទីរហោស្ថាន។ ឯពពែនោះត្រូវផ្ទុកអស់ទាំងអំពើទុច្ចរិតរបស់គេ លើខ្លួនចេញទៅតំបន់ស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។ បន្ទាប់មក អើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសម្លៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ គាត់ត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន និងពួកជនផង។ ឯខ្លាញ់នៃតង្វាយលោះបាប នោះត្រូវដុតនៅលើអាសនា ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ ឯគោឈ្មាលនៃតង្វាយលោះបាប និងពពែនៃតង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ។ អ្នកណាដែលដុតសត្វទាំងពីរនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃទីដប់ ខែទីប្រាំពីរនោះ អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្ដាលអ្នករាល់គ្នាផង។ ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងអ្នករាល់គ្នា ដើម្បីញែកចេញជាស្អាត នោះអ្នករាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា នេះជាថ្ងៃសប្ប័ទសម្រាប់អ្នករាល់គ្នា គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន នេះគឺជាច្បាប់នៅអស់កល្បជានិច្ច។ អ្នកណាដែលគេចាក់ប្រេងតាំងឡើងឲ្យធ្វើជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសម្លៀកបំពាក់ខ្លូតទេស គឺជាសម្លៀកបំពាក់បរិសុទ្ធនោះ។ សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត ត្រសាលជំនុំ អាសនា ទាំងពួកសង្ឃ និងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលមួយឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ»។ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
អាន លេវីវិន័យ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 16:5-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ