លេវីវិន័យ 13
13
ក្រឹត្យវិន័យស្តីអំពីជំងឺសើស្បែក
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2«បើមនុស្សណាកើតមានពក ដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់ នៅលើស្បែក នោះត្រូវឲ្យគេនាំអ្នកនោះទៅជួបលោកអើរ៉ុនជាសង្ឃ ឬទៅរកកូនរបស់លោកណាម្នាក់ ដែលនឹងធ្វើជាសង្ឃក៏បាន។ 3សង្ឃត្រូវពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ សង្ឃត្រូវពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក។ 4ប៉ុន្តែ ប្រសិនបើស្នាមដែលនៅស្បែកនោះស មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះសង្ឃត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅប្រាំពីរថ្ងៃ 5រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅប្រាំពីរថ្ងៃទៀត។ 6ដល់ថ្ងៃទីប្រាំពីរ ត្រូវឲ្យពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ។ 7ប៉ុន្តេ បើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត 8សង្ឃត្រូវពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើង នៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺកើតឃ្លង់ហើយ។
9ពេលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅជួបសង្ឃ។ 10សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ 11នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ សង្ឃត្រូវប្រាប់ថាជាស្មោកគ្រោក មិនបាច់បង្ខាំងទុកទេ ព្រោះស្មោកគ្រោកហើយ។ 12បើកាលណារោគឃ្លង់នោះចេញមកពេញលើស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពីក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ 13នោះត្រូវពិនិត្យមើលអ្នកនោះ បើឃើញថារោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ។ 14ប៉ុន្តែ បើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ 15សង្ឃត្រូវពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់។ 16ឬបើសាច់ស្រស់នោះទៅជាស អ្នកនោះត្រូវមកជួបសង្ឃម្តងទៀត 17សង្ឃត្រូវពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18កាលណាកើតមានបូសនៅលើស្បែក ហើយបានសះទៅ 19រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមព្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល។ 20ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ 21តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅប្រាំពីរថ្ងៃ 22បើរោគនោះរាលដាលធំឡើងនៅលើស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺកើតឃ្លង់ហើយ។ 23តែបើស្នាមក្រហមនោះនៅតែដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះសង្ឃត្រូវប្រកាសថា អ្នកនោះស្អាតទេ។
24បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមព្រឿងៗ ឬសក្តី 25នោះសង្ឃត្រូវពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ សង្ឃត្រូវប្រកាសថា អ្នកនោះពិតជាស្មោកគ្រោកពិត គឺជាឃ្លង់ហើយ 26តែសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅប្រាំពីរថ្ងៃ 27រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ 28តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ សង្ឃត្រូវប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកម្លាំងដរប៉ុណ្ណោះ។
29បើកាលណាប្រុស ឬស្រីណា កើតមានរោគនៅក្បាល ឬចង្កា 30នោះសង្ឃត្រូវពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជារមាស់ ជាឃ្លង់នៅក្បាល ឬនៅចង្កា 31តែបើសង្ឃមើលទៅរោគរមាស់នោះឃើញថា មិនខូងទាបជាងស្បែកទេ ក៏គ្មានរោមខ្មៅផង នោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅប្រាំពីរថ្ងៃ 32រួចថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា រោគនោះមិនបានរាលដាលទៅទៀតទេ ហើយគ្មានរោមដែលលឿងស្លាំងផង ក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរ 33នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយសង្ឃត្រូវបង្ខាំងអ្នកដែលកើតរោគនោះទុកនៅប្រាំពីរថ្ងៃ 34រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះសង្ឃត្រូវប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ 35តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ 36នោះសង្ឃត្រូវពិនិត្យមើល បើឃើញថា បានរាលដាលនៅនាស្បែកមែន នោះមិនបាច់រករោមដែលលឿងស្លាំងទេ ដ្បិតជាមនុស្សស្មោកគ្រោកហើយ 37បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគរមាស់បានជាហើយ គឺជាស្អាតទេ សង្ឃត្រូវប្រកាសថា អ្នកនោះស្អាតពិត។
38បើកាលណាមនុស្សប្រុស ឬស្រីណា កើតមានស្នាមភ្លឺៗ គឺជាស្នាមសភ្លឺ 39នោះសង្ឃត្រូវពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
40បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះតម្ពែកហើយ តែស្អាតទេ 41បើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខ អ្នកនោះឆកហើយ តែស្អាតទេ 42ប៉ុន្តែ បើមានដំបៅក្រហមព្រឿងៗនៅកន្លែងតម្ពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងតម្ពែកនោះ ទោះខាងលើ ឬពីមុខក្តី 43សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមព្រឿងៗនៅកន្លែងដែលតម្ពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ 44នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក សង្ឃត្រូវប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។
45ឯមនុស្សណាដែលកើតឃ្លង់ ត្រូវស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយ ស្រែកថា "ខ្ញុំស្មោកគ្រោក ខ្ញុំស្មោកគ្រោក"។ 46អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47សម្លៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស 48ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី 49បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមព្រឿងនៅក្នុងសម្លៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ។ 50សង្ឃត្រូវពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់ប្រាំពីរថ្ងៃ។ 51ដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថារាលដាលធំឡើងនៅសម្លៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ 52ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតក្នុងភ្លើងទៅ។
53តែបើសង្ឃពិនិត្យមើលទៅឃើញថា រោគនោះមិនបានរាលដាលឡើងនៅសម្លៀកបំពាក់នោះទេ ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរ 54នោះសង្ឃត្រូវបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញ រួចត្រូវយកទៅបង្ខាំងទុកប្រាំពីរថ្ងៃទៀត។ 55ក្រោយដែលបានលាងរួចហើយ នោះសង្ឃត្រូវពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតរោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី។
56ប្រសិនបើសង្ឃពិនិត្យឃើញថា រោគនោះចង់ស្រអាប់ហើយ ក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ 57បើចេះតែឃើញនៅជាប់នឹងសម្លៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង អំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតក្នុងភ្លើងទៅ។ 58តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ ប្រសិនបើរោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត នោះនឹងបានស្អាត។ 59នេះហើយជាច្បាប់ខាងរោគឃ្លង់ នៅក្នុងសម្លៀកបំពាក់ ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសម្រេចថា នេះស្អាត នេះមិនស្អាត»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies