ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។ ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។ ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។ ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។ ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។ ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។ វាសួរដល់ម្តាយថា «តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន? ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។ អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា «តើទីក្រុងនេះឬ ដែលមនុស្សហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ?»
អាន បរិទេវ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 2:5-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ