យ៉ូស្វេ 8:1-29

យ៉ូស្វេ 8:1-29 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច ហើយ​កុំ​ស្រយុត​ចិត្ត​ឡើយ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​អ្នក​ច្បាំង​ទាំង​អស់​ទៅ​ជា​មួយ ហើយ​ឡើង​ទៅ​ក្រុង​អៃយ​ចុះ។ មើល៍ យើង​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ប្រជា‌ជន ទី​ក្រុង និង​ស្រុក​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។ ដូច្នេះ លោក​យ៉ូស្វេ និង​ពួកអ្នក​ច្បាំង​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រុង​អៃយ ហើយ​លោក​បាន​ជ្រើស​រើស​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​ចំនួន​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញទៅ​ទាំង​យប់។ លោកបញ្ជាពួក​គេ​ថា៖ «មើល៍ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​បង្កប់​ខ្លួន​វាយ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង។ កុំ​ទៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក គឺ​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច។ រីឯ​ខ្ញុំ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទី​ក្រុង។ កាល​ណា​គេ​ចេញ​មក​ច្បាំង​នឹង​យើង​ដូចលើក​មុន នោះ​យើង​នឹង​រត់​នៅ​មុខពួក​គេ។ ដូច្នេះ ពួក​គេ​នឹង​ចេញ​មក​ដេញ​តាម​យើង រហូត​ទាល់​តែ​យើង​បាន​ទាក់​ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​នឹង​គិត​ថា ពួក​យើង​បាក់​ទ័ព​រត់​នៅ​មុខ​ពួក​គេ ដូច​លើក​មុន​ទៀត។ ដូច្នេះ ពេល​យើង​រត់​នៅ​មុខពួក​គេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​ដែល​បង្កប់​ខ្លួន ហើយ​ចូល​ទៅ​ចាប់​យក​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ក្រុង​នោះមក​ក្នុង​កណ្ដាប់​ដៃ​របស់អ្នក។ កាល​ណា​អ្នក​រាល់​គ្នា​យក​ទី​ក្រុង​បាន​ហើយ ត្រូវ​ដុត​ទីក្រុង​នោះ​ឲ្យ​ឆេះ​ឡើង។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ មើល៍ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចាត់​ពួក​គេ​ឲ្យចេញ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន ត្រៀម​នៅ​ចន្លោះរវាងក្រុង​បេត-អែល និង​ក្រុង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ ប៉ុន្ដែ យប់​នោះ លោក​យ៉ូស្វេ​សម្រាក​ក្នុង​ជំរំ ។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ប្រមូល​ផ្ដុំ​ទ័ព រួច​ចេញទៅ​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ទៅ​ក្រុង​អៃយ។ ពួក​អ្នក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​លោក ឡើង​ចូល​ទៅ​ជិត នៅ​ខាង​មុខ​ទី​ក្រុង រួច​គេ​បោះ​ទ័ព​នៅ​ជា​ខាង​ជើងក្រុង​អៃយ ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ និង​ក្រុងអៃយ។ លោក​បាន​យក​មនុស្ស​ប្រមាណ​ប្រាំ​ពាន់​នាក់ ហើយ​ដាក់​គេ​ឲ្យ​បង្កប់​ខ្លួន​នៅ​ចន្លោះ​ក្រុង​បេត-អែល និង​ក្រុង​អៃយ ពី​ខាង​លិច​ទី​ក្រុង។ ដូច្នេះ គេក៏​បានបោះ​ទ័ព​តាម​កន្លែង​រៀង​ខ្លួន គឺ‌ទី​តាំង​ទ័ព​ធំ​ដែលនៅ​ខាង​ជើង​ទី​ក្រុង និងកម្លាំង​ការ​ពារ​ទ័ព​ជួរខាង​ក្រោយ នៅ​ខាង​លិច​ទីក្រុង។ យប់​នោះ លោក​យ៉ូស្វេ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ពី​ព្រលឹម ហើយ​ស្តេច និងប្រជា‌រាស្ត្រ​របស់​ស្ដេច​ទាំង​អស់ ក៏​ចេញ​ទៅ​កាន់​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទល់​មុខ​វាល​អារ៉ាបា ឥត​ដឹង​ថា​មាន​ពល​ទ័ព​បង្កប់​ទាស់​នឹង​គេ នៅ​ខាង​ក្រោយ​ទី​ក្រុង​ទេ។ ឯលោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​ទី​រហោ‌ស្ថាន។ ដូច្នេះ ពួក​គេ​ក៏​ហៅ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ក្រុង​ទាំង​អស់ ឲ្យ​ប្រមូល​គ្នា​មក​ដេញ​តាម​ទ័ព​អ៊ី​ស្រាអែល ហើយ​ពេល​ពួក​គេ​ដេញ​តាម​លោក​យ៉ូស្វេ ពួក​គេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង។ នៅ​ក្នុង​ក្រុង​អៃយ និង​ក្រុង​បេត-អែល គ្មាន​សេស‌សល់​អ្នក​ណា​ម្នាក់ ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក​គេ​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ហើយ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​យើង​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ឆ្ពោះ​ទៅ​ទី​ក្រុង។ កាល​លោក​លើក​ដៃ​ឡើង ពួក​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​ជា​ប្រញាប់ សម្រុក​ចូល​ទៅ​ចាប់​យក​ទីក្រុង ហើយ​ប្រញាប់‌ប្រញាល់​ដុតទី​ក្រុង​នោះ​ភ្លាម។ ដូច្នេះ កាល​ពួក​ក្រុង​អៃយ​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុងទៅ​លើ​មេឃ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ដ្បិត​ពួក​អ៊ីស្រា‌អែល​ដែល​រត់​ទៅ​ទី​រហោ‌ស្ថាន បាន​បក​ក្រោយ​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ។ កាល​លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ថា ទ័ព​ឆ្មក់​ចាប់​យក​ទី​ក្រុង​បាន​ហើយ ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នេះ គេ​ក៏​បក​ក្រោយ វាយ​ប្រហារ​ពួក​ក្រុង​អៃយ​វិញ។ ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។ ប៉ុន្ដែ ស្តេច​ក្រុង​អៃយ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ កាល​ពួក​អ៊ីស្រា‌អែល​បាន​សម្លាប់​ពួក​ក្រុង​អៃយ​ទាំង​អស់​នៅ​វាល​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួកក្រុង​អៃយ​បាន​ដេញ ហើយ​គេ​បាន​ដួល​ស្លាប់​ទាំង​អស់​ដោយ​មុខ​ដាវ​ស្រេច​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​វិល​ចូល​ទៅ​ក្រុង​អៃយ​វិញ ហើយ​ប្រហារ​ទាំង​អស់​ដោយ​មុខ​ដាវ។ មនុស្ស​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ គឺ​ប្រជា‌ជន​ទាំង​អស់​របស់​ក្រុង​អៃយ។ ដ្បិត​លោក​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ រហូត​ទាល់​តែ​បាន​បំផ្លាញ​អ្នក​ក្រុង​អៃយ​អស់​គ្មាន​សល់។ ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ដូច្នេះ លោក​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ឲ្យ​ទៅ​ជា​គំនរ​ខូច​បង់​រហូត​ត​ទៅ ហើយ​នៅ​ស្ងាត់​ជ្រងំ​ដរាប​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

អាន យ៉ូស្វេ 8