យ៉ូស្វេ 5
5
មនុស្សជំនាន់ក្រោយទទួលពិធីកាត់ស្បែក
1កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។
2នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកឲ្យប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត»។ 3ដូច្នេះ លោកយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យពួកកូនចៅអ៊ីស្រាអែល នៅត្រង់គីបៀថ-ហារ៉ាឡុត ។ 4លោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យពួកគេ ដោយព្រោះមូលហេតុដូច្នេះ ប្រុសៗជាអ្នកចម្បាំងទាំងប៉ុន្មាន ដែលបានចេញពីស្រុកអេស៊ីព្ទមក បានស្លាប់តាមផ្លូវនៅទីរហោស្ថាន ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ។ 5ប្រជាជនទាំងអស់ដែលចេញមក សុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្ដែ ប្រជាជនទាំងប៉ុន្មានដែលកើតតាមផ្លូវនៅទីរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីព្ទ មិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ 6ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ 7ដូច្នេះ កូនចៅរបស់ពួកគេ ដែលព្រះអង្គបានបង្កើតឡើងជំនួសគេវិញ ដែលលោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ ព្រោះគេមិនបានទទួលពិធីកាត់ស្បែកនៅតាមផ្លូវសោះ។
8កាលបានធ្វើពិធីកាត់ស្បែកឲ្យជាតិសាសន៍ទាំងមូលរួចហើយ គេក៏នៅតាមកន្លែងរបស់គេក្នុងជំរំ រហូតដល់គេបានជាសះ។ 9ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងបានប្រមៀលដំណៀលរបស់ស្រុកអេស៊ីព្ទចេញពីអ្នកហើយ»។ ដូច្នេះ គេបានហៅឈ្មោះកន្លែងនោះថា គីលកាល រហូតដល់សព្វថ្ងៃ។
ពិធីបុណ្យរំលងនៅគីលកាល
10កាលប្រជាជនអ៊ីស្រាអែលបោះជំរំនៅគីលកាល គេបាននាំគ្នាធ្វើពិធីបុណ្យរំលងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះ ក្នុងវាលទំនាបក្រុងយេរីខូរ។ 11នៅថ្ងៃក្រោយបុណ្យរំលង គឺនៅថ្ងៃនោះឯង ពួកគេបរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ និងគ្រាប់ស្រូវលីង។ 12ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគផលរបស់ស្រុកនោះមក នំម៉ាណាលែងធ្លាក់មកទៀតហើយ។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលលែងមាននំម៉ាណាទៀត ហើយនៅឆ្នាំនោះ គេបរិភោគផលរបស់ស្រុកកាណានវិញ។
និមិត្តរបស់លោកយ៉ូស្វេ
13កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?» 14អ្នកនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពលើពួកពលរបស់ព្រះយេហូវ៉ា ខ្ញុំទើបនឹងមកដល់»។ លោកយ៉ូស្វេក៏ក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ ជាបាវបម្រើរបស់លោកម្ចាស់?» 15មេទ័ពលើពួកពលរបស់ព្រះយេហូវ៉ា មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកឈរជាកន្លែងបរិសុទ្ធ»។ លោកយ៉ូស្វេក៏ធ្វើតាម។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies