យ៉ូស្វេ 5

5
មនុស្ស​ជំនាន់​ក្រោយ​ទទួល​ពិធី​កាត់​ស្បែក
1កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គេ​បាន​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត ហើយ​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ដោយ​ព្រោះ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល។
2នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​ថ្មី​ម្ដង​ទៀត»។ 3ដូច្នេះ លោក​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​គីបៀថ-ហារ៉ា‌ឡុត ។ 4លោក​យ៉ូស្វេ​បាន​ធ្វើ​ពិ​ធី​កាត់​ស្បែក​ឲ្យ​ពួក​គេ ដោយព្រោះ​មូល​ហេតុ​ដូច្នេះ ប្រុសៗ​ជា​អ្នក​ចម្បាំង​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ 5ប្រជា‌ជន​ទាំង​អស់​ដែល​ចេញ​មក សុទ្ធ​តែ​បានទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្ដែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវនៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ 6ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ 7ដូច្នេះ កូន​ចៅ​របស់​ពួក​គេ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ឡើង​ជំនួស​គេ​វិញ ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ ព្រោះ​គេ​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​តាម​ផ្លូវ​សោះ។
8កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ជាតិ​សាសន៍​ទាំង​មូល​រួច​ហើយ គេ​ក៏​នៅ​តាម​កន្លែង​របស់​គេ​ក្នុង​ជំរំ រហូត​ដល់​គេ​បានជា​សះ។ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។
ពិធី​បុណ្យ​រំលង​នៅ​គីល‌កាល
10កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នោះ ក្នុង​វាល​ទំនាប​ក្រុង​យេរីខូរ។ 11នៅ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង គឺ​នៅ​ថ្ងៃ​នោះ​ឯង ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​ស្រូវលីង។ 12ចាប់​តាំង​ពី​ថ្ងៃដែល​ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះមក នំ​ម៉ាណា​លែង​ធ្លាក់​មក​ទៀត​ហើយ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​មាន​នំ​ម៉ាណា​ទៀត ហើយ​នៅ​ឆ្នាំ​នោះ គេ​បរិ‌ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។
និមិត្ត​របស់​លោក​យ៉ូស្វេ
13កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?» 14អ្នក​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទើប​នឹង​មក​ដល់»។ លោក​យ៉ូស្វេ​ក៏​ក្រាប​ថ្វាយ​បង្គំ ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់?» 15មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​របស់​អ្នក​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​ជា​កន្លែង​បរិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល