យ៉ូអែល 3
3
1 ដ្បិតមើល៍ នៅគ្រានោះ និងនៅវេលានោះ កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ 2នោះយើងនឹងប្រមូលសាសន៍ទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងវិនិច្ឆ័យទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអ៊ីស្រាអែល ជាមត៌ករបស់យើង ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ហើយគេបានបែងចែកទឹកដីរបស់យើង។ 3គេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នា គេដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ។
4ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ តើអ្នកមានការអ្វីនឹងយើង តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។ 5ដ្បិតអ្នករាល់គ្នាបានយកប្រាក់ និងមាសរបស់យើង ហើយបានដឹកយកសម្បត្តិដ៏មានតម្លៃរបស់យើង ទៅទុកនៅក្នុងវិហាររបស់អ្នក។ 6អ្នកបានលក់ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមឲ្យពួកសាសន៍ក្រិក ដើម្បីយកគេចេញទៅឆ្ងាយពីព្រំដែនរបស់ខ្លួន។ 7មើល៍ យើងនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែងដែលអ្នកបានលក់គេទៅ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់អ្នករាល់គ្នាវិញ។ 8យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនយូដាវិញ ហើយគេនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍មួយដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
ការវិនិច្ឆ័យទោសនៅជ្រលងភ្នំយេហូសាផាត
9ចូរប្រកាសប្រាប់ក្នុងចំណោមសាសន៍ទាំងឡាយដូច្នេះថា
ចូរត្រៀមខ្លួនចូលច្បាំង
ចូរដាស់មនុស្សខ្លាំងពូកែឡើង
ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត
ត្រូវឲ្យគេនាំគ្នាឡើងមក។
10ចូរដំដែកផាលនង្គ័លរបស់អ្នករាល់គ្នាធ្វើជាដាវ
ហើយដង្កាវរបស់អ្នករាល់គ្នាធ្វើជាលំពែងទៅ
ត្រូវឲ្យអ្នកខ្សោយពោលថា "ខ្ញុំជាមនុស្សខ្លាំងពូកែ"។
11ម្នាលសាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ
ចូរប្រញាប់មកប្រជុំគ្នា ឱព្រះយេហូវ៉ាអើយ
សូមឲ្យពួកខ្លាំងពូកែរបស់ព្រះអង្គចុះមក។
12ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង
ហើយមកឯជ្រលងភ្នំយេហូសាផាត
ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ
សាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។
13ចូរលូកកណ្តៀវទៅ ដ្បិតចម្រូតទុំហើយ
ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ
ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ
ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។
14មានមនុស្សទាំងហ្វូង
អើ មានទាំងហ្វូងនៅជ្រលងភ្នំនៃការសម្រេចទោស!
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតដល់ហើយ
នៅក្នុងច្រកភ្នំនៃការសម្រេចទោស!
15ព្រះអាទិត្យ និងព្រះចន្ទងងឹតសូន្យ
ហើយផ្កាយទាំងប៉ុន្មានក៏លែងភ្លឺដែរ។
16ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន
ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម
ផ្ទៃមេឃ និងផែនដីកក្រើករំពើក
តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ
ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
អនាគតដ៏រុងរឿងរបស់យូដា
17យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា
យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា
យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង
ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ
ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
18នៅគ្រានោះ ភ្នំធំៗនឹងស្រក់ស្រាទំពាំងបាយជូរផ្អែម
ហើយភ្នំតូចៗនឹងហូរដោយទឹកដោះ
អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ
ហើយនឹងមានក្បាលទឹកមួយ
ហូរចេញពីព្រះដំណាក់របស់ព្រះយេហូវ៉ា
មកស្រោចស្រពជ្រលងភ្នំស៊ីទីម។
19ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប
ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន
ព្រោះតែអំពើឃោរឃៅដែលគេ
បានប្រព្រឹត្តចំពោះប្រជាជនយូដា
ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់
នៅក្នុងស្រុករបស់គេ។
20ប៉ុន្តែ យូដានឹងរស់នៅរហូតតទៅ
ហើយក្រុងយេរូសាឡិមដែរ
គឺគ្រប់ជំនាន់តរៀងទៅ។
21យើងនឹងសងសឹកឲ្យឈាមរបស់គេ
គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ
ដ្បិតព្រះយេហូវ៉ាគង់នៅក្រុងស៊ីយ៉ូន។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូអែល 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies