ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"? ពេលនោះ ព្រះយេហូវ៉ាប្រចណ្ឌ ចំពោះស្រុករបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។ យើងនឹងដកយកកងទ័ពនៅទិសខាងជើង ចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងបណ្តេញគេទៅស្រុកមួយដែលហួតហែង ហើយស្ងាត់ច្រៀប ក៏បោះទ័ពជួរមុខរបស់គេទៅក្នុងសមុទ្រខាងកើត ហើយទ័ពជួរក្រោយ ទៅក្នុងសមុទ្រខាងលិច ឯក្លិនស្អុយអសោចរបស់គេនឹងសាយឡើង ដ្បិតគេបានធ្វើការយ៉ាងសម្បើម! ឱទឹកដីអើយ កុំភ័យខ្លាច ចូរត្រេកអរ ហើយសប្បាយរីករាយឡើង ដ្បិតព្រះយេហូវ៉ាបានធ្វើការយ៉ាងសម្បើម! ម្នាលសត្វទាំងឡាយនៅទីវាលអើយ កុំភ័យខ្លាច ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ ឯដើមល្វា និងដើមទំពាំងបាយជូរ ក៏ចេញផ្លែជាបរិបូរដែរ។ ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។ អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។ យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។ នៅគ្រានោះ សូម្បីតែពួកអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណ របស់យើងទៅលើពួកគេដែរ។ យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។ ពេលនោះ អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ហើយក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះយេហូវ៉ាត្រាស់ហៅ។
អាន យ៉ូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 2:12-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ