យ៉ូអែល 2

2
1ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន
ចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង!
ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ
ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក
ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ
2គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ
ជា​ថ្ងៃ​មាន​ពពក ហើយ​ងងឹត​យ៉ាង​ក្រាស់!
មានសាសន៍​មួយ​ធំ ហើយ​ខ្លាំង​ពូកែចូល​មក
ដូច​ពន្លឺ​ថ្ងៃ​ដែល​ទើប​នឹង​រះ​លាតត្រដាង​លើ​ភ្នំ
តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ
ហើយ​នៅ​ពេល​ខាង​មុខ គ្រប់​ជំនាន់​ត​រៀង​ទៅ
ក៏​មិន​មាន​ទៀត​ដែរ។
3មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ
ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។
នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន
តែ​ខាង​ក្រោយ​គេ
ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ
គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។
4រូប​រាង​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ
ហើយ​គេ​រត់​ដូច​ជា​សេះ​ចម្បាំង។
5គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ
គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង
ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ
ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។
6សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ
មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។
7គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ
ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង
ម្នាក់ៗ​សម្រុក​ទៅ​មុខ
ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។
8គេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ
គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួន
គេ​ទម្លុះ​ទម្លាយ​ឧប‌សគ្គ ឥត​រុញ‌រា​ឡើយ។
9គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង
ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន
គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។
10ផែន‌ដី​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់
ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត
ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​មាន​ពន្លឺ។
11ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង
នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ
ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់
អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ
នោះ​មាន​ច្រើន​ឥត​គណនា
ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ
ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់
តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?
12ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា
ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត
ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ
13មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត
ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ
ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ
និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់
ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។
14ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស
ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា
ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង?
គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច
សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។
15ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន
ចូរ​ញែក​ពេល​ចេញ​សម្រាប់​តម​អត់
ចូរ​ប្រកាស​ឲ្យ​មាន​ប្រជុំ​យ៉ាង​ឱឡារិក
16ចូរ​ប្រមូល​ប្រជា‌ជន ចូរ​ញែក​ក្រុម​ជំនុំ​ចេញ​ជា​បរិសុទ្ធ
ចូរ​ប្រជុំ​ពួក​ចាស់ទុំ ចូរ​ប្រមូល​កូន​ក្មេង
ព្រម​ទាំង​កូន​ដែល​នៅ​បៅ​ដោះ​មក​ផង។
ត្រូវ​ឲ្យ​ប្តី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក
ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​មក​ដែរ។
17ចូរ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា
យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា
ត្រូវ​ឲ្យ​គេ​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រណី​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង
សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មត៌ក​របស់​ព្រះ‌អង្គ
ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។
តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា
នៅ​កណ្ដាល​សាសន៍​ទាំង​ឡាយ​ថា
"តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា"?
ការ​ឆ្លើយ​តប និង​សេចក្ដី‌សន្យា​របស់​ព្រះ
18ពេល​នោះ ព្រះ‌យេហូវ៉ា​ប្រ‌ចណ្ឌ
ចំពោះ​ស្រុក​របស់​ព្រះ‌អង្គ
ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ
ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
19ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា
មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
និង​ប្រេង​មក​អ្នក​រាល់​គ្នា
ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត
យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល
ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ទៀត​ឡើយ។
20យើង​នឹង​ដក​យក​កង‌ទ័ព​នៅ​ទិស​ខាង​ជើង
ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា
យើង​នឹង​បណ្តេញ​គេ​ទៅ​ស្រុក​មួយ​ដែល​ហួត‌ហែង
ហើយ​ស្ងាត់‌ច្រៀប
ក៏​បោះ​ទ័ព​ជួរ​មុខ​របស់​គេ​ទៅ​ក្នុង​សមុទ្រ​ខាង​កើត
ហើយ​ទ័ព​ជួរ​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច
ឯ​ក្លិន​ស្អុយ​អសោច​របស់​គេ​នឹង​សាយ​ឡើង
ដ្បិត​គេ​បាន​ធ្វើ​ការ​យ៉ាង​សម្បើម!
21ឱ​ទឹក​ដី​អើយ កុំ​ភ័យ​ខ្លាច
ចូរ​ត្រេក‌អរ ហើយ​សប្បាយ​រីក‌រាយ​ឡើង
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​សម្បើម!
22ម្នាល​សត្វ​ទាំង​ឡាយ​នៅ​ទី‌វាល​អើយ
កុំ​ភ័យ​ខ្លាច
ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លាស់​ខៀវ​ខ្ចី
ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​មាន​ផ្លែ
ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ
ក៏ចេញ​ផ្លែ​ជា​បរិបូរ​ដែរ។
23ឱ​ពួក​កូន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ
ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ
ដ្បិត​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ
ព្រះ‌អង្គ​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សម្រាប់​អ្នក​រាល់​គ្នា
គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដូច​កាល​ពី​មុន។
24អស់​ទាំង​ទីលាន​នឹង​មាន​ពេញ​ដោយ​ស្រូវ​សាលី
ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ហូរ​ហៀរ
ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង។
25យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន
ដែល​ត្រូវ​កណ្តូប ចង្រិត ដង្កូវ និង​ក្រាស៊ី​បង្ខូច
គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក
ក្នុង​ចំណោម​អ្នក​រាល់​គ្នា។
26អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់
រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។
ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។
27អ្នក​រាល់​គ្នា​នឹង​ដឹង​ថា
យើង​គង់​នៅ​កណ្ដាល​សាសន៍​អ៊ីស្រា‌អែល
ហើយ​ថា យើង​នេះ គឺ​យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គ្មាន​ព្រះ​ឯ​ណា​ទៀតទេ
ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។
ព្រះ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ
28 ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ
ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ទំនាយ
ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ
ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។
29នៅ​គ្រា​នោះ សូម្បី​តែ​ពួក​អ្នក​បម្រើ​ប្រុស​ស្រី
ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ
របស់​យើង​ទៅ​លើ​ពួក​គេ​ដែរ។
30យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើង និង​កម្សួល​ផ្សែង។ 31ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។ 32ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូអែល 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល