យ៉ូប 34

34
លោក​អេលីហ៊ូវ​ប្រកាស​ពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ
1អេលី‌ហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា៖
2«ឱ​អ្នក​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ
ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ
សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ចុះ
3ដ្បិត​ត្រចៀក​តែង‌តែ​ល្បង​ល​ពាក្យ​សម្ដី
ដូច​ជា​មាត់​តែង​ភ្លក់​រស​ជាតិ​អាហារ​ដែរ
4សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក
សេចក្ដី​ណា​ដែល​ត្រឹម​ត្រូវ
សម្រាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់
សេចក្ដី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង។
5ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា "ខ្ញុំ​សុចរិត
ព្រះ​បាន​ដក​យក
សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ខ្ញុំ​ហើយ
6ទោះ​បើ​ខ្ញុំ​សុចរិត នៅ​តែ​រាប់​ជា​អ្នកកុហក
របួស​របស់​ខ្ញុំ​មើល​មិន​ជា​ទេ
ទោះ​បើ​ខ្ញុំ​គ្មាន​ទោស​ក៏​ដោយ"។
7តើ​មាន​អ្នក​ណា​ដូច​លោក​យ៉ូប​នេះ
ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក
8លោក​សេព​គប់​នឹង​ពួក​អ្នក
ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត
ក៏​ដើរ​ជា‌មួយ​មនុស្ស​អាក្រក់។
9ដ្បិត​លោក​ពោល​ថា "គ្មាន​ប្រយោជន៍​សោះ
ដែល​មនុស្ស​ខំ​បំ​ពេញ​ចិត្ត​ព្រះ"។
10ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ
សូម​ស្តាប់​ខ្ញុំ​ចុះ
កុំ​ឲ្យ​យើង​ថា​ព្រះ​ធ្វើ​អាក្រក់
ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ​ឡើយ។
11ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស
តាម​ការ​ដែល​គេ​ធ្វើ
ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល
តាម​ផ្លូវ​របស់​ខ្លួន។
12ពិត​ប្រាកដ​ជា​ព្រះ
មិនដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ
ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
នឹង​មិនបង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ។
13តើ​អ្នក​ណា​បានប្រគល់​អំណាច
ឲ្យ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី?
ហើយ​តើ​អ្នក​ណាប្រគល់
ពិភពលោក​ទាំង​មូល​ទៅ​លើ​ព្រះ‌អង្គ?
14ប្រសិន‌បើ​ព្រះ‌អង្គ​ផ្ចង់​ព្រះ‌ហឫ‌ទ័យ
ចំពោះ​តែ​ព្រះ‌អង្គ​ព្រះ‌អង្គ
ហើយ​ប្រមូល​វិញ្ញាណ
និង​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ​ត្រឡប់​ទៅ​វិញ
15គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទាំង​អស់
ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។
16ឥឡូវ​នេះ បើ​យល់​ហើយ
សូម​ស្តាប់​សេចក្ដី​នេះ​ទៀត
សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង
នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ។
17អ្នក​ណា​ដែល​ស្អប់​សេចក្ដី​សុចរិត
តើ​នឹង​គ្រប់‌គ្រង​បាន​ឬ?
តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត
ព្រះ‌អង្គ​មាន​ទោស​ឬ?
18អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា
"ព្រះ‌អង្គ​ជា​មនុស្ស​ចោល‌ម្សៀត"
ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា
"លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់"
19អ្នក​ណា​ដែល​មិន​កោត​ខ្លាច
ដល់​ពួក​អ្នក​ជា​ប្រធាន
ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ
ដោយ​ព្រោះ​គេ​សុទ្ធ​តែ
ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
20អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​មួយ​រំពេច​ភ្លាម
នៅ​កណ្ដាល​អធ្រាត្រ
ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ
ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ
ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។
21រីឯ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស
ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ
22គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា
ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត
នឹង​ពួន​ខ្លួន​បាន​ទេ។
23ដ្បិត​ព្រះ​មិន​បាន​កំណត់
ពេល​វេលា​ណាមួយដល់​អ្នក​ណា​ម្នាក់
ឲ្យ​ចូល​មក​ទទួល​ការ​ជំនុំ​ជម្រះ
នៅ​ចំពោះ​ព្រះ‌អង្គ​ឡើយ។
24ព្រះ‌អង្គ​ផ្ដួល​រំលំ​មនុស្ស​ខ្លាំង​ពូកែ
ដោយ​មិន​បាច់​សួរនាំ
ហើយ​ព្រះ‌អង្គ​ក៏​តាំង​អ្នក​ផ្សេង​ទៀត
ឲ្យ​ឡើង​ជំនួស​គេ។
25គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ
ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់​ត្រឡិន
ឲ្យ​គេ​វិនាស​ទៅ
26ព្រះ‌អង្គ​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់
នៅ​កណ្ដាល​ជំនុំ ចំពោះ​មុខ​គេ
27ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ព្រះ‌អង្គ​ទៀត
ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ
របស់​ព្រះ‌អង្គ​ឡើយ
28ដល់​ម៉្លេះ​បាន​ជា​គេ​បណ្ដាល​ឲ្យ
ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​បាន​ឮ​សម្រែក​របស់​មនុស្ស
ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ
29កាល​ណា​ព្រះ‌អង្គ​ប្រោស
ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត
តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន?
កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ
តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ?
ហើយ​នេះ​ក៏​ដូច​គ្នា
ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល
ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី
30ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ទមិឡ​ល្មើស
បាន​គ្រប់‌គ្រង​ឡើង
ប្រយោជន៍​កុំ​ឲ្យ​មាន​អ្នក​ណា
ដាក់​អន្ទាក់​ដល់​ប្រជា​ជន​ឡើយ។
31ដ្បិត​តើ​មាន​អ្នក​ណា​ម្នាក់​ទូល​ដល់​ព្រះ​ថា
"ទូល‌បង្គំ​បាន​ទ្រាំ​រង​ទោស
ទូល‌បង្គំ​លែង​ធ្វើ​ខុស​ទៀត​ហើយ
32សូម​បង្រៀនអ្វី​ដែល​ទូល‌បង្គំ​មើល​មិន​ឃើញ
ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នោះ​ទូល‌បង្គំ​នឹង​លែង​ប្រព្រឹត្ត​ទៀត​ហើយ"
ឬ​ទេ?
33តើ​ព្រះ‌អង្គ​ត្រូវ​ប្រទាន​រង្វាន់
ឲ្យ​ត្រូវ​តាម​ចិត្ត​លោក
ដោយ​ព្រោះ​លោក​មិន​ព្រម​ទទួល​ដូច្នេះឬ?
ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល
នោះ​ស្រេច​នឹង​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ
ដូច្នេះ សេចក្ដី​ដែល​លោក​ដឹង
សូម​និយាយ​មក​ចុះ។
34ឯ​មនុស្ស​ដែល​មាន​យោបល់
គេ​នឹង​និយាយ​មក​ខ្ញុំ
អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ
គេ​នឹងនិយាយមកខ្ញុំ​ថា
35លោក​យ៉ូប​ពោល​ពាក្យ​ឥត​បើ​គិត
សេចក្ដី​របស់​លោក​ឥត​ខ្លឹម‌សារ​ផង
36ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្ដី​ល្បង
រហូត​ដល់​ចប់
ដោយ​ព្រោះ​ចម្លើយ​របស់​លោក
ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់
37ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ
ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត
លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្ដាល​ពួក​យើង
ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល