យ៉ូប 34
34
លោកអេលីហ៊ូវប្រកាសពីសេចក្ដីយុត្តិធម៌របស់ព្រះ
1អេលីហ៊ូវក៏ពោលឡើងទៀតថា៖
2«ឱអ្នកប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ
ឱពួកអ្នកដែលមានយោបល់អើយ
សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំចុះ
3ដ្បិតត្រចៀកតែងតែល្បងលពាក្យសម្ដី
ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ
4សូមឲ្យយើងរាល់គ្នារើសយក
សេចក្ដីណាដែលត្រឹមត្រូវ
សម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់
សេចក្ដីដែលល្អនៅក្នុងចំណោមយើង។
5ដ្បិតលោកយ៉ូបបានពោលថា "ខ្ញុំសុចរិត
ព្រះបានដកយក
សេចក្ដីយុត្តិធម៌ចេញពីខ្ញុំហើយ
6ទោះបើខ្ញុំសុចរិត នៅតែរាប់ជាអ្នកកុហក
របួសរបស់ខ្ញុំមើលមិនជាទេ
ទោះបើខ្ញុំគ្មានទោសក៏ដោយ"។
7តើមានអ្នកណាដូចលោកយ៉ូបនេះ
ដែលលោកផឹកសេចក្ដីឡកឡឺយដូចជាផឹកទឹក
8លោកសេពគប់នឹងពួកអ្នក
ដែលប្រព្រឹត្តការទុច្ចរិត
ក៏ដើរជាមួយមនុស្សអាក្រក់។
9ដ្បិតលោកពោលថា "គ្មានប្រយោជន៍សោះ
ដែលមនុស្សខំបំពេញចិត្តព្រះ"។
10ដូច្នេះ ឱមនុស្សមានយោបល់អើយ
សូមស្តាប់ខ្ញុំចុះ
កុំឲ្យយើងថាព្រះធ្វើអាក្រក់
ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គប្រព្រឹត្តអំពើទុច្ចរិតនោះឡើយ។
11ដ្បិតព្រះអង្គនឹងសងដល់មនុស្ស
តាមការដែលគេធ្វើ
ហើយនឹងឲ្យគ្រប់គ្នាបានទទួល
តាមផ្លូវរបស់ខ្លួន។
12ពិតប្រាកដជាព្រះ
មិនដែលប្រព្រឹត្តអាក្រក់ឡើយ
ព្រះដ៏មានគ្រប់ព្រះចេស្តា
នឹងមិនបង្វែរសេចក្ដីយុត្តិធម៌ឡើយ។
13តើអ្នកណាបានប្រគល់អំណាច
ឲ្យព្រះអង្គគ្រប់គ្រងលើផែនដី?
ហើយតើអ្នកណាប្រគល់
ពិភពលោកទាំងមូលទៅលើព្រះអង្គ?
14ប្រសិនបើព្រះអង្គផ្ចង់ព្រះហឫទ័យ
ចំពោះតែព្រះអង្គព្រះអង្គ
ហើយប្រមូលវិញ្ញាណ
និងខ្យល់ដង្ហើមរបស់ព្រះអង្គត្រឡប់ទៅវិញ
15គ្រប់ទាំងសាច់នឹងត្រូវវិនាសទាំងអស់
ហើយមនុស្សនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។
16ឥឡូវនេះ បើយល់ហើយ
សូមស្តាប់សេចក្ដីនេះទៀត
សូមផ្ទៀងត្រចៀកចំពោះសំឡេង
នៃពាក្យរបស់ខ្ញុំចុះ។
17អ្នកណាដែលស្អប់សេចក្ដីសុចរិត
តើនឹងគ្រប់គ្រងបានឬ?
តើអ្នកហ៊ានថា ព្រះដ៏សុចរិតជាទីបំផុត
ព្រះអង្គមានទោសឬ?
18អ្នកណាដែលទូលដល់ស្តេចថា
"ព្រះអង្គជាមនុស្សចោលម្សៀត"
ឬចំពោះពួកត្រកូលខ្ពស់ថា
"លោករាល់គ្នាជាមនុស្សអាក្រក់"
19អ្នកណាដែលមិនកោតខ្លាច
ដល់ពួកអ្នកជាប្រធាន
ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ
ដោយព្រោះគេសុទ្ធតែ
ជាស្នាព្រះហស្តរបស់ព្រះអង្គ។
20អ្នកនោះនឹងត្រូវស្លាប់ក្នុងមួយរំពេចភ្លាម
នៅកណ្ដាលអធ្រាត្រ
ពួកជននឹងរន្ធត់ ហើយបាត់ទៅ
ឯមនុស្សសំខាន់ៗក៏ត្រូវដកចេញទៅ
ដោយឥតមានដៃអ្នកណាធ្វើដែរ។
21រីឯព្រះនេត្ររបស់ព្រះអង្គ
បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស
ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
22គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា
ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត
នឹងពួនខ្លួនបានទេ។
23ដ្បិតព្រះមិនបានកំណត់
ពេលវេលាណាមួយដល់អ្នកណាម្នាក់
ឲ្យចូលមកទទួលការជំនុំជម្រះ
នៅចំពោះព្រះអង្គឡើយ។
24ព្រះអង្គផ្ដួលរំលំមនុស្សខ្លាំងពូកែ
ដោយមិនបាច់សួរនាំ
ហើយព្រះអង្គក៏តាំងអ្នកផ្សេងទៀត
ឲ្យឡើងជំនួសគេ។
25គឺដោយព្រោះព្រះអង្គជ្រាបអស់ទាំងអំពើរបស់គេ
ព្រះអង្គក៏ធ្វើឲ្យការទាំងនោះត្រឡប់ត្រឡិន
ឲ្យគេវិនាសទៅ
26ព្រះអង្គប្រហារគេទុកដូចជាមនុស្សអាក្រក់
នៅកណ្ដាលជំនុំ ចំពោះមុខគេ
27ដោយព្រោះគេបានបែរចេញមិនតាមព្រះអង្គទៀត
ហើយមិនព្រមប្រព្រឹត្តតាមផ្លូវណាមួយ
របស់ព្រះអង្គឡើយ
28ដល់ម៉្លេះបានជាគេបណ្ដាលឲ្យ
ដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ព្រះអង្គ
ព្រះអង្គក៏បានឮសម្រែករបស់មនុស្ស
ដែលត្រូវសង្កត់សង្កិនដែរ
29កាលណាព្រះអង្គប្រោស
ឲ្យមានសេចក្ដីស្រាកស្រាន្ត
តើអ្នកណាអាចធ្វើឲ្យកម្រើកឡើងបាន?
កាលណាព្រះអង្គលាក់ព្រះភក្ត្រ
តើអ្នកណាមើលព្រះអង្គឃើញ?
ហើយនេះក៏ដូចគ្នា
ទោះបើនិយាយចំពោះនគរទាំងមូល
ឬចំពោះមនុស្សតែម្នាក់ក្តី
30ដើម្បីកុំឲ្យមានមនុស្សទមិឡល្មើស
បានគ្រប់គ្រងឡើង
ប្រយោជន៍កុំឲ្យមានអ្នកណា
ដាក់អន្ទាក់ដល់ប្រជាជនឡើយ។
31ដ្បិតតើមានអ្នកណាម្នាក់ទូលដល់ព្រះថា
"ទូលបង្គំបានទ្រាំរងទោស
ទូលបង្គំលែងធ្វើខុសទៀតហើយ
32សូមបង្រៀនអ្វីដែលទូលបង្គំមើលមិនឃើញ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត
នោះទូលបង្គំនឹងលែងប្រព្រឹត្តទៀតហើយ"
ឬទេ?
33តើព្រះអង្គត្រូវប្រទានរង្វាន់
ឲ្យត្រូវតាមចិត្តលោក
ដោយព្រោះលោកមិនព្រមទទួលដូច្នេះឬ?
ឯការដែលទទួល ឬមិនទទួល
នោះស្រេចនឹងលោក មិនមែនស្រេចនឹងខ្ញុំទេ
ដូច្នេះ សេចក្ដីដែលលោកដឹង
សូមនិយាយមកចុះ។
34ឯមនុស្សដែលមានយោបល់
គេនឹងនិយាយមកខ្ញុំ
អើ គ្រប់ទាំងមនុស្សមានប្រាជ្ញាដែលស្តាប់ខ្ញុំ
គេនឹងនិយាយមកខ្ញុំថា
35លោកយ៉ូបពោលពាក្យឥតបើគិត
សេចក្ដីរបស់លោកឥតខ្លឹមសារផង
36ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង
រហូតដល់ចប់
ដោយព្រោះចម្លើយរបស់លោក
ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
37ដ្បិតលោកបន្ថែមសេចក្ដីបះបោរ
ទៅលើអំពើបាបរបស់លោកទៀត
លោកទះដៃបង្អាប់ នៅកណ្ដាលពួកយើង
ហើយក៏ចម្រើនពាក្យពោលទាស់នឹងព្រះផង»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies