យ៉ូប 28:12-28

យ៉ូប 28:12-28 គកស១៦

ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​នៅ​ឯ​ណា​បាន? ហើយ តើ​ការ​យល់​ដឹង​នៅ​កន្លែង​ណា? មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង ស្ថាន​របស់​មនុស្ស​រស់​ដែរ។ ទី​ជម្រៅ​ពោល​ថា "មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ" ហើយ​សមុទ្រ​ក៏​ថា "មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ"។ មិន​អាច​ទិញ​ដោយ​មាស​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ។ មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។ មាស និង​ពេជ្រ មិន​អាច​ផ្ទឹម​ស្មើ​បាន ឬ​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ។ មិន​បាច់​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត។ ត្បូង​ទោបុ័ត​ពី​ស្រុក​អេធី‌យ៉ូពី ក៏​មិន​ស្មើ​ផង ហើយ​តម្លៃ​នោះ​ក៏​រាប់​ដោយ​មាស​មិន​បាន។ ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា? ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា? ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ។ ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា "ត្រចៀក​របស់​យើង បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។ ព្រះ​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​វា​ដែរ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទម្ងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ។ ក្នុង​កាល​ដែល​ព្រះ‌អង្គ បាន​ដាក់​កម្រិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ​លាន់ ក្នុង​កាល​នោះ ព្រះ‌អង្គ​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ព្រះ‌អង្គ​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា ហើយ​ព្រះ‌អង្គ​បាន​ស្វែង​រក​ប្រមូល​ទុក។ រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា "មើល៍ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់"»។

អាន យ៉ូប 28