យ៉ូប 28

28
ពេល​សម្រាក៖ តើ​រក​ប្រាជ្ញានៅ​ឯណាបាន?
1ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន
ក៏​មានកន្លែង​ដែល​រក​បាន​មាស
សម្រាប់​យក​ទៅ​សម្រង់
2ឯ​ដែក​គេ​យក​ពី​ដី​មក។
ហើយ​ទង់​ដែង គេ​រំលាយ​មក​ពី​ថ្ម
3ពួក​អ្នក​ជីក​រ៉ែ កម្ចាត់​សេចក្ដី​ងងឹត​ចេញ
ហើយ​ស្វែង​រក​ថ្ម​លាក់​កំបាំង​ក្នុង​ទី​ងងឹត​សូន្យ‌សុង
រហូត​ដល់​ទី​ជ្រៅ​បំផុត
4គេ​ជីក​រន្ធ​នៅ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​មនុស្ស
ជើង​មនុស្ស​ដើរ​ពី​លើ​ឥត​មាន​ដឹង​ឡើយ
គេ​ត្រូវ​សម្រូត​ចុះ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាតិ
ហើយ​ក៏​រត់​ទៅ​រត់​មក​នៅ​ទី​នោះ។
5ពី​ក្នុង​ដី​នោះ ក៏​កើត​មាន​ជា​អាហារ
ហើយ​នៅ​ខាង​ក្រោម
ក៏​ត្រឡប់‌ដូច​ជា​ត្រូវ​ភ្លើង​ឆេះ។
6ក្នុង​ថ្ម​ទាំង​នោះ​ជា​កន្លែង​មាន​ត្បូង​កណ្តៀង
ហើយ​ក៏​មាន​ផង់​មាស​ដែរ។
7ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា
ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ
ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង។
8អស់​ទាំង​សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​បាន​ចូល
ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះដែរ។
9មនុស្ស​លូក​ដៃ​ទៅក្នុង​ថ្ម​រឹង
ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ។
10គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា
ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់
ដែល​មាន​តម្លៃ
11គេ​ទប់​ប្រភព​ទឹក​មិន​ឲ្យ​ហូរ​ចូល
ឯ​របស់​ដែល​នៅ​កំបាំង
គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។
12ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​នៅ​ឯ​ណា​បាន?
ហើយ តើ​ការ​យល់​ដឹង​នៅ​កន្លែង​ណា?
13មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ
ក៏​រក​មិន​ឃើញ​នៅ​ក្នុង
ស្ថាន​របស់​មនុស្ស​រស់​ដែរ។
14ទី​ជម្រៅ​ពោល​ថា "មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ"
ហើយ​សមុទ្រ​ក៏​ថា "មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ"។
15មិន​អាច​ទិញ​ដោយ​មាស​បាន
គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ។
16មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស
ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។
17មាស និង​ពេជ្រ មិន​អាច​ផ្ទឹម​ស្មើ​បាន
ឬ​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ។
18មិន​បាច់​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ
ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន
លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត។
19ត្បូង​ទោបុ័ត​ពី​ស្រុក​អេធី‌យ៉ូពី ក៏​មិន​ស្មើ​ផង
ហើយ​តម្លៃ​នោះ​ក៏​រាប់​ដោយ​មាស​មិន​បាន។
20ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា?
ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា?
21ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស
ហើយ​បិទ​ទុក​មិន​ឲ្យ
សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ។
22ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា
"ត្រចៀក​របស់​យើង
បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។
23ព្រះ​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា
ហើយ​ក៏​ស្គាល់​ទី​កន្លែង​វា​ដែរ
24ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត
ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ។
25ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទម្ងន់
ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ។
26ក្នុង​កាល​ដែល​ព្រះ‌អង្គ
បាន​ដាក់​កម្រិត​ដល់​ទឹក​ភ្លៀង
ហើយ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ​លាន់
27ក្នុង​កាល​នោះ ព្រះ‌អង្គ​បាន​ឃើញ​ប្រាជ្ញា​ហើយ
ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ
គឺ​ព្រះ‌អង្គ​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា
ហើយ​ព្រះ‌អង្គ​បាន​ស្វែង​រក​ប្រមូល​ទុក។
28រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា
"មើល៍ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់
នោះ​ហើយ​ជា​ប្រាជ្ញា
ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់
នោះ​ឯង​ជា​យោបល់"»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 28: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល