យ៉ូប 24

24
លោក​យ៉ូប​ត្អូញ​ត្អែរ​ពី​អំពើ​ហិង្សា​នៅ​ផែន​ដី​នេះ
1ហេតុ​អ្វី​បាន​ជា​ពេល​វេលា
មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ហើយ​ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ
មិន​ដែល​ឃើញ​ថ្ងៃ​របស់​ព្រះ‌អង្គ?
2មនុស្ស​អាក្រក់ បន្ថយ​គោល​ចារឹក
គេ​រឹប​យក​ហ្វូង​ចៀម​អ្នក​ដទៃ​ទៅ​ធ្វើ​របស់​ខ្លួន។
3គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា
គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។
4គេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវ
ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី
ក៏​គេច​ពួន​ទាំង​អស់​គ្នា។
5អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា
លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន
គេ​ចេញ​ទៅ​រកអាហារ​របស់​គេ
ហើយ​ខំ​ខ្មីឃ្មាត​រកនៅក្នុង​ទី​រហោ‌ស្ថាន​នោះ
ដើម្បី​បាន​អាហារ​សម្រាប់​ខ្លួន
និង​កូន​ចៅ​របស់​គេ។
6គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ
ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ
របស់​មនុស្ស​អាក្រក់​នោះ។
7គេ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ
ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា។
8គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ
ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ។
9មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក
ចេញ​ពី​ដោះ​ម្តាយ
ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សម្លៀក‌បំពាក់
របស់​ពួក​អ្នក​ក្រីក្រ​ផង
10ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ
ឥត​មាន​អ្វី​ពាក់​សោះ
ហើយ​ដោយ​ព្រោះ​ឃ្លាន
បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវ។
11គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង
របស់​មនុស្ស​ទាំង​នោះ
គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ
ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។
12មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង
ហើយ​ព្រលឹង​មនុស្ស
ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង
ប៉ុន្តែ ព្រះ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់
នឹង​ការ​អាក្រក់​នោះ​ឡើយ។
13ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ
គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ
ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ។
14ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង
ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។
15ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់
ដោយ​នឹក​ថា "គ្មាន​អ្នក​ណា​ឃើញ​ខ្ញុំ​ទេ"
គេ​ក៏បិទ​មុខចេញ​ទៅ។
16នៅ​ពេល​ងងឹត​គេ​គាស់​ទម្លុះ​ផ្ទះ​ចូល
តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន
គេ​មិន​ដែល​ស្គាល់​ពន្លឺ​ឡើយ។
17គេ​ខ្លាច​ពេល​ព្រឹក​ដូច​ជា​ម្លប់
នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​គេ
ដ្បិត​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ម្លប់
នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។
18គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់
ឯ​ចំណែក​របស់​គេ​នៅ​ផែនដី
មាន​តែ​បណ្ដាសា​ទេ
គេ​មិន​ដែល​បែរ​ទៅ
ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។
19បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ
ដោយ​រាំង‌ស្ងួត និង​ក្តៅ​យ៉ាង​ណា
នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ។
20ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ
ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់
គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ
យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់
ដូច​ជា​ដើម​ឈើ។
21គេ​ធ្វើ​បាប ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន
ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ឡើយ។
22ឯ​ព្រះ​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង
ដោយ‌សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ
ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ
គេ​បាន​ឡើង​ជា​ធំ។
23ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ
ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ
តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ
24គេ​បាន​ឡើង​ជា​ធំ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ
គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ
ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់
គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ។
25បើ​មិន​មែន​ដូច្នោះ​ទេ
នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក
ហើយ​ធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល