យ៉ូប 2
2
ការវាយប្រហារមកលើសុខភាពរបស់លោកយ៉ូប
1មានថ្ងៃមួយ ពេលដែលពួកកូនព្រះ បានទៅគាល់ព្រះយេហូវ៉ា ហើយសាតាំង ក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ។ 2ព្រះយេហូវ៉ាមានព្រះបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងទូលឆ្លើយថា៖ «មកពីដើរចុះឡើងទៅមកនៅផែនដី»។ 3ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? គ្មានអ្នកណាម្នាក់នៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀតត្រង់ ក៏កោតខ្លាចដល់ព្រះ ចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្ដាលឲ្យយើងទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញគាត់ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈដដែល»។ 4សាតាំងទូលតបថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ 5ប៉ុន្តែ បើព្រះអង្គគ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង និងសាច់គាត់ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គមិនខាន»។ 6ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់គាត់ទៅក្នុងអំណាចឯងហើយ ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ»។
7ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។ 8លោកយកអំបែងឆ្នាំងសម្រាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ។
9ឯប្រពន្ធរបស់លោកពោលថា៖ «តើបងនៅតែរក្សាសេចក្ដីទៀងត្រង់ដល់កាលណាទៀត? សូមដាក់បណ្ដាសា ព្រះ ហើយស្លាប់ទៅចុះ!»។ 10ប៉ុន្តែ លោកឆ្លើយថា៖ «ឯងនិយាយដូចជាស្រីឆោតល្ងង់ យើងអាចទទួលសេចក្ដីល្អមកពីព្រះបាន ម្ដេចក៏មិនអាចទទួលសេចក្ដីអាក្រក់ផង?» ក្នុងស្ថានភាពយ៉ាងនោះ លោកយ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
មិត្តភក្តិបីនាក់របស់លោកយ៉ូប
11ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។ 12ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។ 13គេអង្គុយនៅដី ជាមួយលោកអស់រយៈពេលប្រាំពីរយប់ប្រាំពីរថ្ងៃ ឥតមានអ្នកណានិយាយទៅលោកមួយម៉ាត់សោះ ដោយឃើញថា លោកមានទុក្ខធ្ងន់ណាស់។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies