យ៉ូប 16
16
លោកយ៉ូបអះអាងជាថ្មីពីភាពស្អាតស្អំរបស់គាត់
1នោះលោកយ៉ូបឆ្លើយឡើងថា៖
2«ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ
អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត
ដែលនាំឲ្យល្វើយវិញ។
3តើពាក្យជាអសារឥតការទាំងនេះចប់ត្រឹមណា?
តើមានអ្វីបណ្ដាលអ្នករាល់គ្នាឲ្យតបមកដូច្នេះ?
4ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ
ប្រសិនបើព្រលឹងរបស់អ្នករាល់គ្នា
ជួបនឹងស្ថានការដូចខ្ញុំ
នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា
ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។
5ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំង
ដល់អ្នករាល់គ្នាវិញ
ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ
របស់អ្នករាល់គ្នា។
6តែឥឡូវនេះ ទោះបើខ្ញុំនិយាយ
ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ
ហើយបើនៅស្ងៀម
តើវាចេញពីខ្ញុំយ៉ាងណាទៅ?
7ប្រាកដមែន ព្រះបានធ្វើឲ្យខ្ញុំល្វើយទៅ
ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ
វិនាសអស់ហើយ។
8ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក និងឆ្អឹង
ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ
ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ
ក៏ទាស់នឹងខ្ញុំដែរ
គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។
9ព្រះបានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ
របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង
ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ
ខ្មាំងសត្រូវរបស់ខ្ញុំ
បានសំលៀងភ្នែកទាស់នឹងខ្ញុំ។
10ពួកគេបានហាមាត់គំរាមខ្ញុំ
គេបានទះកំផ្លៀងបង្អៀនខ្ញុំ
ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។
11ព្រះបានប្រគល់ខ្ញុំទៅឯអាទមិឡល្មើស
ហើយបានបោះបង់ចោលខ្ញុំ
ទៅក្នុងកណ្ដាប់ដៃនៃមេកំណាច។
12ពីដើមខ្ញុំមានសេចក្ដីសុខ
តែព្រះអង្គបានបំបាក់បំបែកខ្ញុំ
ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង
ព្រះអង្គបានបញ្ឈរខ្ញុំឡើង
ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។
13ពួកពលធ្នូរបស់ព្រះអង្គឡោមព័ទ្ធខ្ញុំ
ព្រះអង្គពុះចិត្តថ្លើមខ្ញុំជាពីរឥតត្រាប្រណីឡើយ
ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី។
14ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត
ព្រះអង្គក៏រត់ចូលមកលើខ្ញុំ
ដូចជាមនុស្សខ្លាំងពូកែ។
15ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ
ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី។
16ខ្ញុំយំឡើងហើមភ្នែក
ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។
17ទោះយ៉ាងណា ក៏គ្មានសេចក្ដីអយុត្តិធម៌
នៅក្នុងដៃខ្ញុំ
ហើយសេចក្ដីអធិស្ឋានខ្ញុំគឺបរិសុទ្ធ។
18ឱ ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ
ហើយកុំឲ្យសម្រែករបស់ខ្ញុំ
ឈប់ឈរនៅកន្លែងណាឡើយ។
19ឥឡូវនេះ មើលចុះ
ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌
ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។
20ឯពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ
ខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះ
21ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល
រវាងមនុស្ស និងព្រះ
ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល
រវាងមិត្តសម្លាញ់របស់ខ្លួន។
22ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់
នោះខ្ញុំនឹងទៅតាមផ្លូវ
ដែលមិនត្រឡប់មកវិញឡើយ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies