អេលីផាស សាសន៍ថេម៉ាន ឆ្លើយឡើងថា៖ «តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ? តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ? អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង។ ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។ គឺមាត់របស់អ្នកកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។ តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ? តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា? តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? ឬយល់អ្វីដែលពួកយើងមិនបានយល់នោះ? ខាងយើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត។ តើអ្នករាប់ការកម្សាន្តរបស់ព្រះថាតូចតាចពេក ឬជាពាក្យផ្អែមពីរោះសម្រាប់អ្នក? ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ? ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក? តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន? មើល៍ ព្រះអង្គមិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្ររបស់ព្រះអង្គដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។ ខ្ញុំនឹងសម្ដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី ដែលខ្ញុំបានឃើញហើយ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ ជាពួកតែមួយដែលបានគ្រងគ្រងស្រុក ឥតមានសាសន៍ដទៃណា ចូលមកក្នុងពួកគេឡើយ។ គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។ មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
អាន យ៉ូប 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 15:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ