យ៉ូប 15
15
ប្រសាសន៍របស់លោកអេលីផាស៖ លោកយ៉ូបបាត់បង់ជំនឿ
1អេលីផាស សាសន៍ថេម៉ាន ឆ្លើយឡើងថា៖
2«តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ
ដោយសេចក្ដីចេះដឹងអសារឥតការ
ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ?
3តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍
ឬដោយពាក្យអធិប្បាយ
ដែលបង្កើតសេចក្ដីល្អមិនបានឬ?
4អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ
ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង
នៅចំពោះព្រះផង។
5ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ
ឲ្យមាត់អ្នកនិយាយចេញមក
ហើយអ្នកប្រើពាក្យសម្ដី
របស់មនុស្សឧបាយអាក្រក់។
6គឺមាត់របស់អ្នកកាត់ទោសដល់ខ្លួនហើយ
មិនមែនជាខ្ញុំទេ
អើ បបូរមាត់របស់អ្នក
ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។
7តើអ្នកជាមនុស្សដំបូងដែលកើតមកឬ?
តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ?
8តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ?
តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ
ដែលមានប្រាជ្ញា?
9តើអ្នកចេះអ្វីដែលពួកយើងមិនចេះ?
ឬយល់អ្វីដែលពួកយើងមិនបានយល់នោះ?
10ខាងយើងមានទាំងមនុស្សក្បាលសក់ស្កូវ
និងមនុស្សអាយុច្រើន
ដែលចាស់ជាងឪពុកអ្នកទៅទៀត។
11តើអ្នករាប់ការកម្សាន្តរបស់ព្រះថាតូចតាចពេក
ឬជាពាក្យផ្អែមពីរោះសម្រាប់អ្នក?
12ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត
ហើយមិចភ្នែកដូច្នេះ?
13ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ
ហើយបញ្ចេញពាក្យយ៉ាងនេះ
ពីមាត់របស់អ្នកមក?
14តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ?
តើមនុស្សកើតមកពីមនុស្សស្រី
អាចសុចរិតម្ដេចបាន?
15មើល៍ ព្រះអង្គមិនទុកចិត្ត
នឹងពួកបរិសុទ្ធរបស់ព្រះអង្គ
ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ
នៅព្រះនេត្ររបស់ព្រះអង្គដែរ
16ចំណង់បើម្នាក់ដែលគួរតែខ្ពើម
ហើយស្មោកគ្រោក
ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក
តើនឹងជាយ៉ាងណាទៅ។
17ខ្ញុំនឹងសម្ដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី
ដែលខ្ញុំបានឃើញហើយ
18គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក
តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ
19ជាពួកតែមួយដែលបានគ្រងគ្រងស្រុក
ឥតមានសាសន៍ដទៃណា
ចូលមកក្នុងពួកគេឡើយ។
20គឺថា មនុស្សអាក្រក់រមែងរងទុក្ខ
ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ
ឯអស់ចំនួនឆ្នាំគេបានលាក់ទុក
សម្រាប់មនុស្សគំហកកំហែង។
21មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ
ក្នុងពេលដែលកំពុងតែចម្រើន
នោះមេបំផ្លាញនឹងមកលើគេ។
22គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ
ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ។
23គេដើរចេញទៅទីនេះផង ទៅទីនោះផង
រកអាហារបរិភោគទាំងសួរថា "តើនៅឯណា"?
គេស្មានប្រាកដថា
វេលាលំបាកជិតមកដល់គេហើយ
24មានទុក្ខលំបាក
និងសេចក្ដីចង្អៀតចិត្តមកបំភ័យគេ
ក៏ឈ្នះគេដូចជាស្តេចណា
ដែលរៀបជាស្រេចនឹងទៅច្បាំង។
25ព្រោះគេបានលូកដៃទៅទាស់នឹងព្រះ
ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ
នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
26គេរត់ឆ្ពោះទៅទាស់នឹងព្រះអង្គ
ហើយមានខែលបាំងយ៉ាងក្រាស់
27ព្រោះគេមានសាច់មុខធាត់ពេញ
ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង
28គេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង
ក្នុងផ្ទះឥតមានមនុស្សនៅ
ដែលហៀបនឹងរលំហើយ
29គេនឹងមិនដែលបានជាអ្នកមាន
ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ
ឯធនធានរបស់គេ
ក៏មិនបានដុះដាល នៅផែនដីឡើយ
30គេនឹងចេញពីសេចក្ដីងងឹតមិនរួច
អណ្ដាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ
ហើយគេនឹងត្រូវផាត់បាត់ទៅដោយសារខ្យល់។
31កុំឲ្យគេបញ្ឆោតខ្លួន
ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ
ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការ
នឹងបានជារង្វាន់ដល់គេ។
32ការនោះនឹងបានសម្រេច
មុនពេលកំណត់របស់គេ
ហើយមែករបស់គេនឹងមិនបាន
ខៀវស្រស់ទៀតទេ។
33គេនឹងរលាស់ជម្រុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ
ដូចជាដើមទំពាំងបាយជូរ
ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ
ដូចជាដើមអូលីវដែរ។
34ដ្បិតពួកមនុស្សទមិឡល្មើស
នឹងកើតផលមិនបាន
ហើយភ្លើងនឹងឆេះបន្សុសទីលំនៅ
របស់ពួកដែលស៊ីសំណូកផង។
35គេមានគភ៌បង្កើតជាសេចក្ដីអាក្រក់
ហើយក៏សម្រាលចេញមកជាអំពើទុច្ចរិត
ហើយចិត្តគេតែងតែរៀបចំ
គម្រោងការអាក្រក់»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies