យ៉ូប 10

10
លោក​យ៉ូប​និយាយថា៖ ខ្ញុំ​ស្អប់​ខ្ពើម​ជីវិត​របស់​ខ្ញុំ
1ខ្ញុំ​ស្អប់​ខ្ពើម​នឹង​ជីវិត​របស់​ខ្ញុំណាស់
ខ្ញុំ​នឹង​ឲ្យ​តម្អូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ
ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត
2ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូល‌បង្គំ
សូម​បង្ហាញ​ហេតុ
ដែល​ព្រះ‌អង្គ​ត​តាំង​នឹង​ទូល‌បង្គំ​វិញ។
3ដែល​សង្កត់‌សង្កិន​ដូច្នេះ
តើ​មាន​ប្រយោជន៍​ដល់​ព្រះ‌អង្គ​ឬ
បាន​ជា​ព្រះ‌អង្គ​មើល​ងាយ​ដល់​ស្នាដៃ​របស់​ព្រះ‌អង្គ
ហើយ​ប្រោស​ឲ្យ​ពន្លឺ​ព្រះ‌អង្គ
មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់?
4តើ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​ភ្នែក​សាច់ឬ?
តើ​ព្រះ‌អង្គ​ទត​ឃើញ​ដូច​ជា​មនុស្ស​ឬ?
5តើ​ព្រះ‌ជន្ម​នៃ​ព្រះ‌អង្គ​ដូច​ជា​អាយុ​របស់​មនុស្ស
ឬ​អស់​ទាំង​ឆ្នាំ​នៃ​ព្រះ‌អង្គ​ត្រូវ​នឹង​ថ្ងៃ​របស់​មនុស្ស?
6បាន​ជា​ព្រះ‌អង្គ​ស៊ើប​សួរ​រក​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ
ហើយ​ស្វែង​រក​អំពើ​បាប​នៃ​ទូល‌បង្គំ​ដូច្នេះ
7ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់
ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច
ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន។
8ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​សូន
ហើយ​បង្កើត​ទូលបង្គំ
តែ​ឥឡូវ​នេះ ព្រះ‌អង្គបាន​បំផ្លាញ​ទូល‌បង្គំ​ទៅ​វិញ។
9សូម​ព្រះ‌អង្គ​នឹក​ចាំ​ថា ព្រះ‌អង្គ​បាន​សូន​រូប​ទូល‌បង្គំ
ដូច​ជា​គេ​សូន​ដី​ឥដ្ឋ
ចុះ​តើ​ព្រះ‌អង្គ​គិត​ឲ្យ​ទូល‌បង្គំ
ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?
10តើ​ព្រះ‌អង្គ​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ
ហើយ​ឲ្យ​ទូល‌បង្គំ​កក​ខន់
ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ?
11ព្រះ‌អង្គ​បាន​បំពាក់​ទូល‌បង្គំ​ដោយ​សាច់ និង​ស្បែក
ព្រម​ទាំង​ថ្ពាន់​ទូល‌បង្គំ​ឲ្យ​ជាប់​គ្នា​ដោយ​ឆ្អឹង
និង​សរសៃ។
12ព្រះ‌អង្គ​បាន​ប្រោស​ផ្តល់​ជីវិត
និង​សេចក្ដី​សប្បុរស​ដល់​ទូល‌បង្គំ
ហើយ​ការ​ឃុំ​គ្រង​របស់​ព្រះ‌អង្គ
បាន​គាំ‌ពារ​ជីវិត​ទូល‌បង្គំ។
13ប៉ុន្តែ សេចក្ដី​ទាំង​នេះ​ព្រះ‌អង្គ​បាន​លាក់​ទុក
នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​វិញ
ទូល‌បង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ព្រះ‌អង្គ​ទេ។
14គឺ​ថា បើ​ទូល‌បង្គំ​ធ្វើ​បាប ព្រះ‌អង្គ​ចំណាំ​ទូល‌បង្គំ​ទុក
ហើយ​ព្រះ‌អង្គ​មិន​លែង​ឲ្យ​ទូល‌បង្គំ
បាន​រួច​ពី​ទោស​ឡើយ
15បើ​ទូល‌បង្គំ​អាក្រក់​មែន នោះ​វរ​ហើយ
តែ​បើ​សុចរិត​វិញ
នោះ​ក៏​មិន​បាន​ងើប​ក្បាល​ឡើង​ដែរ
ដោយ​មាន​ពេញ​ជា​សេចក្ដី​ខ្មាស
ហើយ​មើល​តែ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ។
16បើ​កាល​ណា​ក្បាល​ទូល‌បង្គំ​ងើប​ឡើង
ព្រះ‌អង្គ​ដេញ​ទូល‌បង្គំ​ដូច​ជា​សិង្ហ រួច​ព្រះ‌អង្គ​សម្ដែង
ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូល‌បង្គំ​ទៀត។
17ព្រះ‌អង្គ​ចេះ​តែ​មាន​សាក្សី​ថ្មីៗ​ទាស់​នឹង​ទូល‌បង្គំ
ក៏​ចម្រើន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​ទូល‌បង្គំ
ព្រះ‌អង្គ​នាំ​កម្លាំង​ថ្មីៗ​មក​ទាស់​នឹង​ទូល‌បង្គំ​ជានិច្ច។
18យ៉ាង​នោះ ម្តេច​ក៏​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ
ចេញ​ពី​ផ្ទៃ​ម្តាយ​មក
ឱ​បើ​ទូល‌បង្គំ​បាន​ស្លាប់​វិញ
ឥត​មាន​អ្នក​ណា​ឃើញ​ទៅ​អេះ
19នោះ​ទូល‌បង្គំ​នឹង​បាន​ដូច​ជា
មិន​ដែល​កើត​មក​សោះ
គេ​នឹង​បាន​នាំ​យក​ទូល‌បង្គំ
ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង។
20តើ​អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ
មិន​មែន​តិច​ណាស់​ទេ​ឬ?
សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែ​ឯង​ចុះ
ដើម្បី​ឲ្យ​បាន​សម្រាក​បន្តិច
21មុន​ដែល​ទូល‌បង្គំ​ទៅ​ឯ​ទី
ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ
គឺ​ដល់​ស្ថាន​នៃ​សេចក្ដី​ងងឹត
និង​ម្លប់​នៃ​សេចក្ដី​ស្លាប់
22ជា​ស្ថាន​ដែល​ងងឹត​ឈឹង ដូច​ជា​យប់​ជ្រៅ
ជា​ទី​ម្លប់​នៃ​សេចក្ដី​ស្លាប់ ដែល​ឥត​មាន​របៀប
ជា​កន្លែង​ដែល​មាន​ពន្លឺ
ក៏​ដូច​ជា​កណ្ដាល​អធ្រាត្រ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល