យ៉ូហាន 19

19
1ពេល​នោះ លោក​ពីឡាត់​នាំ​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​វាយ​នឹង​រំពាត់។ 2ពួក​ទាហាន​ក្រង​ភួង​បន្លា​យក​មក​បំពាក់​លើ​ព្រះ‌សិរ​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ​ដែរ។ 3គេ​ចូល​មក​ជិត​ព្រះ‌អង្គ ទាំងពោល​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា» រួច​គេ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។ 4លោក​ពីឡាត់​ចេញ​ទៅ​ក្រៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា៖ «មើល៍! ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។ 5ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។ 6កាល​ពួក​សង្គ្រាជ និង​ពួក​កង​រក្សា​ព្រះវិហារ​ឃើញ​ព្រះ‌អង្គ គេ​ក៏​ស្រែក​ឡើង​ថា៖ «ឆ្កាង​វាទៅ ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។ 7ពួក​សាសន៍​យូដា​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​តាំង​ខ្លួន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។
8ពេល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង។ 9លោក​ត្រឡប់​ទៅ​ក្នុង​បន្ទាយ​វិញ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មក​ពី​ណា?» ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ឆ្លើយ​សោះ។ 10ហេតុ​នេះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ម្តេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ខ្ញុំ? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​នឹង​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?» 11ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។ 12តាំង​ពី​ពេល​នោះ មក លោក​ពីឡាត់​រក​វិធី​នឹង​ដោះ​លែង​ព្រះ‌អង្គ តែ​ពួក​សាសន៍​យូដា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​អ្នក​នេះ លោក​មិន​មែន​ជា​សម្លាញ់​របស់​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ក្បត់​នឹង​សេសារ​ហើយ»។
13កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះ‌យេស៊ូវ​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​ទី​កាត់​ក្តី ត្រង់​កន្លែង​មួយ​ឈ្មោះ​ថា «ទី​លាន​ក្រាល​ថ្ម» (ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបា‌ថា) ។ 14ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​រំលង ហើយ​ប្រហែល​ជា​ថ្ងៃ​ត្រង់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា៖ «មើល៍! នេះ​ហើយ​ស្តេច​របស់​អ្នក​រាល់​គ្នា!»។ 15ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ​មក ហើយ​ឆ្កាង​វា​ទៅ» លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្គ្រាជ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ស្តេចណា​ទៀត ក្រៅ​ពីសេសារ​ទេ!»។
16ពេល​នោះ លោក​ក៏​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​ឆ្កាង។ ដូច្នេះ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​យក​ទៅ។
គេ​ឆ្កាង​ព្រះ‌យេស៊ូវ
(មថ ២៧.៣២-៤៤ មក ១៥.២១-៣២ លក ២៣.២៦-៤៣)
17ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ទាំង​លី​ឈើ​ឆ្កាង ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល» ដែល​ភាសា​ហេព្រើរ​ឈ្មោះ​ថា «គាល់‌កូថា»។ 18គេ​ក៏​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ ជា​មួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ ហើយ​ព្រះ‌យេស៊ូវ​នៅ​កណ្តាល។ 19លោក​ពីឡាត់​បិទ​ប្រកាស​មួយ​នៅ​លើ​ឈើ​ឆ្កាង​ថា «យេស៊ូវ​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»។ 20មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​សរសេរ​ជា​ភាសា​ហេព្រើរ ឡាតាំង និង​ក្រិក។ 21ពេល​នោះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា ជម្រាប​លោក​ពីឡាត់​ថា៖ «សូម​លោក​កុំ​សរសេរ​ថា "ស្តេច​នៃ​សាសន៍​យូដា" ដូច្នេះ សូម​សរសេរ​ថា "អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា"»។ 22លោក​ពីឡាត់​ឆ្លើយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​សរសេរ ខ្ញុំ​សរសេរ​រួច​ហើយ»។ 23កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។ 24ដូច្នេះ គេ​និយាយ​គ្នា​ថា៖ «កុំ​ហែក​អាវ​នេះ​អី សូម​យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឲ្យ​ដឹង​ថា​បាន​ទៅ​លើ​អ្នក​ណា»។ នេះ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា «គេ​បាន​យក​សម្លៀក​បំពាក់​ទូល​បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល​បង្គំ គេ​យក​ដោយ​ចាប់​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។ 25ពេល​នោះ មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ឈរ​នៅ​ជិត​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ 26កាល​ព្រះ‌យេស៊ូវ​ឃើញ​មាតា​ព្រះ‌អង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះ‌អង្គ​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «មាតា​អើយ ន៎ុះន៏ កូន​របស់​មាតា»។ 27បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​ថា៖ «នេះ​ហើយ ម្តាយ​របស់​អ្នក»។ តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​យក​គាត់​ទៅ​នៅ​ជា​មួយ។
28បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។ 29នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក​ខ្មេះ​ពេញ គេ​ក៏​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ត្រែង ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ។ 30កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។
គេ​ចាក់​ទម្លុះ​ឆ្អឹង​ជំនីរ​ព្រះ‌យេស៊ូវ
31ដោយ​ព្រោះ​ថ្ងៃ​នោះ​ជាថ្ងៃ​រៀប​ចំបុណ្យ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​គេ​វាយ​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​សាកសព​នៅ​ជាប់​លើ​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ (ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ)។ 32ដូច្នេះ ពួក​ទាហាន​ក៏​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទាំង​ពីរ​នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ 33លុះ​ពេល​គេ​មក​ដល់​ព្រះ‌យេស៊ូវ គេ​ឃើញ​ថា ព្រះ‌អង្គ​សុគត​ផុត​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទ​ព្រះ‌អង្គ​ទេ។ 34ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ស្រាប់​តែ​ឈាម និង​ទឹក​ហូរ​ចេញ​ម​ក។ 35អ្នក​ដែល​ឃើញ បាន​ធ្វើ​បន្ទាល់ ហើយ​បន្ទាល់​របស់​អ្នក​នោះ​ពិត​ប្រាកដ​មែន អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។ 36ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សម្រេច ដែល​ថា «គ្មាន​ឆ្អឹង​ណា​មួយ​របស់​ព្រះ‌អង្គ​ត្រូវ​បាក់​ឡើយ» ។ 37មាន​អត្ថបទ​គម្ពីរ​មួយ​ទៀត​ចែង​ថា «គេ​នឹង​មើល​អ្នក​ដែល​គេ​បាន​ចាក់​ទម្លុះ»។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូវ
(មថ. ២៧.៥៧-៦១ មក. ១៥.៤២-៤៧ លក. ២៣.៥០-៥៦)
38បន្ទាប់​មក យ៉ូសែប អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដែរ តែ​មិន​បង្ហាញ​មុខ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សុំ​ច្បាប់​លោក​ពីឡាត់ យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក។ លោក​ពីឡាត់​ក៏​អនុញ្ញាត​ឲ្យ ដូច្នេះ លោក​ក៏​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ។ 39លោក​នីកូ‌ដេម ដែល​ពី​មុន​បាន​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា ប្រហែល​ជា​ហាសិប​គីឡូក្រាម។ 40អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។ 41មាន​សួនច្បារ​មួយ​នៅ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌អង្គ ហើយ​ក្នុង​សួនច្បារ​នោះ មាន​ផ្នូរ​មួយ​ថ្មី ដែល​មិន​ទាន់​ដាក់​សព​ណា​នៅ​ឡើយ។ 42ដូច្នេះ គេ​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ដោយ​ផ្នូរ​ក៏​នៅ​ជិត​ស្រាប់ ហើយ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​របស់​សាសន៍​យូដា​ផង។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល